Cambodia
New Details

Image
កិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួងវិសាមញ្ញ លើកទី១ ឆ្នាំ២០២៥ អាណត្តិទី២
June 12, 2025

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៖ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួងបានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួងវិសាមញ្ញ លើកទី១ ឆ្នាំ២០២៥ អាណត្តិទី២  ដើម្បីពិនិត្យលើសំណើសុំ និងការអនុម័តផែនការថវិកា ឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមផ្សេងៗ នៅមន្ទីរពេទ្យព្រះអង្គឌួង។

ជាបឋម លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលមានវត្តមាន និងបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័ត។ បន្ទាប់មក លោកជំទាវសាស្ត្រាចារ្យប្រធាន បានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត ដោយការលើកដៃនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។ 

ជាកិច្ចបន្ទាប់ លោកជំទាវប្រធាន បានមានប្រសាសន៍លើកឡើងពីការកើនឡើងនៃបងប្អូនប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលដែលប្រើប្រាស់ប័ណ្ណប.ស.ស និងមូលនិធិសមធម៌ ដែលទាមទារការយកចិត្តទុកដាក់បន្ថែមទៀតពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យនិងបុគ្គលិកគ្រប់ផ្នែក ក្នុងការផ្តល់សេវាជូនពួកគាត់ប្រកបដោយគុណភាព ប្រសិទ្ធិភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ ហើយត្រូវចាត់ទុកពួកគាត់ដូចជាឪពុកម្តាយ បងប្អូនរបស់យើងដែរ ត្រូវមានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាឱ្យបានល្អប្រសើរ ទោះបីជាហត់នឿយយ៉ាងណាក៏ដោយ ត្រូវដឹងច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន និងប្រធានផ្នែកនីមួយៗត្រូវចេះធ្វើផែនការផ្សេងៗនៅផ្នែករបស់ខ្លួន ដើម្បីដាក់ជូនថា្នក់ដឹកនាំមន្ទីរពេទ្យ។ លោកជំទាវប្រធាន ក៏បានផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួនទៀត ជូនដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបានកោតសរសើរ ក៏ដូចជាការផ្តល់ទំនុកចិត្តលើថា្នក់ដឹកនាំមន្ទីរពេទ្យ ដែលអាចធ្វើឱ្យមន្ទីរពេទ្យព្រះអង្គឌួងកាន់តែរីកចំរើនឡើងថែមទៀត។

ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានប្រសាសន៍បិទអង្គប្រជុំ និងថ្លែងអំណរគុណម្តងទៀត ដល់សមាជិក សមាជិកាអង្គប្រជុំទាំងមូលដែលបានចំណាយពេលវេលាអញ្ជើញចូលរួម៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6