Cambodia
New Details

Image
ពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE និង RACSMEI “Kick-Off Event for Research Studies VIRAGE and RACSMEI”
June 12, 2025

រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE និង RACSMEI “Kick-Off Event for Research Studies VIRAGE and RACSMEI” ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ លោក​តំណាង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអន្តរជាតិ សរុបចំនួន ១៦០នាក់។

គោលបំណង នៃកម្មវិធីសិក្សាស្រាវជ្រាវ VIRAGE ដើម្បីពិនិត្យមើល ការយល់ដឹង និងវិធានការការពារ ជំងឺឆ្កែឆ្កួតនៅប្រទេសកម្ពុជា ចំណែកឯ RACSMEI គឺដើម្បីការវាយតម្លៃហានិភ័យ នៃការរីករាលដាល ជំងឺឆ្លងនានា ក្នុងបរិបទសុខភាពតែមួយ។ អភិក្រមសុខភាពតែមួយ (One Health Approach) គឺជាវិធីសាស្ត្ររួមបញ្ចូលអន្តរាគមន៍ មនុស្ស សត្វ និងបរិស្ថាន ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងតាមដានជំងឺនៅប្រទេសកម្ពុជា និងកំណត់គោលដៅអន្តរាគមន៍ ផ្នែកសុខភាពសាធារណៈ ប្រកបដោយភាពជាក់លាក់។ 

លោកជំទាវរដ្ឋលេខាធិការ បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ផ្តល់នូវធាតុចូល សម្រាប់ការសិក្សាស្រាជ្រាវ VIRAGE និង RACSMEI បានគ្រប់ជ្រុងជ្រោយ និងអំពាវនាវឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ននឹងជំងឺឆ្កែឆ្កួត ហើយបើមានករណីឆ្កែខាំ សូមរួសរាន់ទៅចាក់វ៉ាក់សាំង ដើម្បីការពារជំងឺឆ្កែឆ្កួត។ ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានថ្លែងអំណរគុណ ស្ថានទូតបារាំង ស្ថានទូត​អង់គ្លេស​ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC), AFD និងដៃគូទាំងអស់ដែលចូលរួមគាំទ្រនូវគម្រោងសុខភាពតែមួយ (One Health) នៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19