Cambodia
New Details

Image
អង្គការសុខភាពពិភពលោក នៅគ្រប់កម្រិត បន្តបញ្ជាក់ពីជំហរគាំទ្រយ៉ាងសកម្មជាបន្តទៀត ចំពោះការ ចូលរួមចំណែកជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសការថែទាំសុខភាពបឋម
June 13, 2025

រាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច  (WPRO) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Lluis Vinals Torres ប្រធានផ្នែកប្រព័ន្ធសុខាភិបាល និងសេវាសុខាភិបាល ដើម្បីពិភាក្សាពីការដាក់បង្ហាញផែនការជំរុញការផ្តល់សេវាសុខភាពបឋម (Primary Health Care-PHC) និងបន្តការពង្រឹងសេវាសុខាភិបាលថ្នាក់ជាតិ។

លោកវេជ្ជបណ្ឌិត Lluis Vinals Torres បានជម្រាបអំពីគោលបំណងនៃបេសកកម្ម របស់គណៈប្រតិភូ អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច  (WPRO ) គឺ៖  

១.សម្របសម្រួលការពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល ដើម្បីបង្កើតការយល់ដឹង និងការយល់ស្របលើការគាំទ្រ និងអាទិភាពរបស់អង្គការសុខភាពពិភពលោក រួមទាំងគំនិតផ្តួចផ្តើម PHC ដែលកំពុងផ្លាស់ប្តូរនៅកម្ពុជា ការពិនិត្យឡើងវិញនៃសំណុំសកម្មភាព អប្បបរមានៃសេវាសុខាភិបាល (MPA) ហិរញ្ញប្បទានសុខាភិបាល ធនធានមនុស្ស និងសុខាភិបាល ឌីជីថល។  

២.គាំទ្រក្រសួងសុខាភិបាល ដើម្បីពិនិត្យបញ្ចប់គោលការណ៍ណែនាំនៃការអនុវត្ត PHC-BIF ។ 

លោកវេជ្ជបណ្ឌិត Lluis Vinals Torres បានបញ្ជាក់ការកោតសសើរដល់សុខាភិបាលកម្ពុជា អំពី អាទិភាពលើអាទិភាពនៃ PHC-BIF នេះ និងការរៀបចំអោយបានទៅជាគំរូពេញលេញនៃការថែទាំសុខភាពបឋមនេះ ដែលជាគោលដៅ ផ្តល់សេវាសុខាភិបាល ដែលមិនត្រឹមតែរង់ចាំការពិនិត្យនិងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបន្ថែម សេវាបង្ការជំងឺជូនដល់ប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋាន ហើយប្រព័ន្ធព័ត៌មានសុខាភិបាល បានកត់ត្រា ទិន្នន័យប្រជាជនទាំងអស់នៅតាមមូលដ្ឋាន ជាពិសេស ប្រជាជនងាយរងគ្រោះ ដោយសារជំងឺសំខាន់ៗ មួយចំនួនដែលកើតឡើងជាញឹកញាប់ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូង ជាដើម។ លើសពីនេះទៀតគ្រូពេទ្យជំនាញ អាចមានមូលដ្ឋានទិន្នន័យច្បាស់លាស់ អំពីចំនួនប្រជាជន អាសយដ្ឋាន និងប្រភេទជំងឺដែលមាន ដើម្បីងាយស្រួលក្នុងការផ្តល់សេវាគ្រប់ជ្រុងជ្រោយ ជូនប្រជាជន ដល់មូលដ្ឋាន។

ក្នុងនាមឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានពាំនាំប្រសាសន៍គាំទ្រជាគោលការណ៍ គំនិតផ្តួចផ្តើម បន្ថែមដែលបានលើកឡើងដោយ គណៈប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិក ខាងលិច  (WPRO)។ គំនិតផ្តួចផ្តើមនេះ ស្របតាមគោលបំណងរួមរវាង ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដែលអាចឆ្លើយតប បានយ៉ាងប្រសើរ ទៅនឹងវិបត្តិសុខាភិបាលអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីសម្រេចគោលដៅ ការគ្របដណ្តប់សុខភាព ជាសកលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពរបស់កម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកទឹកចិត្ត ក្រុមការងារជំនាញរបស់ អង្គការសុខភាពពិភពលោក សហការធ្វើការដោយយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ រៀបចំផែនការ ច្បាស់លាស់ឈរលើមូលដ្ឋាន បច្ចេកទេស និងហិរញ្ញប្បទានសុខាភិបាល ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់អនុសាសន៍បន្ថែម។

អង្គការសុខភាពពិភពលោក បានបញ្ជាក់ពីការគាំទ្រយ៉ាងខ្ពស់ជាបន្តទៀតចំពោះការពង្រឹងវិស័យ សុខាភិបាលកម្ពុជា ដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់ការរៀបចំមុខងារសុខាភិបាលឌីជីថល ការរួមបញ្ចូលនូវមុខងារសុខាភិបាលសាធារណៈ និងការអនុវត្តផែនការស្ដាជំរុញសេវាសុខាភិបាល មូលដ្ឋាននៅកម្រិតជាតិ និងក្រោមជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11