កិច្ចប្រជុំលើកទី៤ ក្រុមការងារបច្ចេកទេសមគ្គុទេសក៍ព្យាបាលគ្លីនិក ទន្តវទនសាស្ត្រ (Technical Working Group of Clinical Practice Guidelines for Dentistry ) របស់ក្រសួងសុខាភិបាល
August 28, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធានរួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ នៃគណៈកម្មការសម្របសម្រួលសម្រាប់ថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ។
កិច្ចប្រជុំនេះបង្កើតឡើងក្នុងគោលបំណងផ្តោតលើការពន្លឿនកិច្ចពិភាក្សាពិគ្រោះយោបល់ លើការរៀបចំទម្រង់បែបបទ និងប្រធានបទ ដែលមានសារៈសំខាន់ៗ និងចាំបាច់ ក្នុងពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងជំរុញការធ្វើបច្ចុប្បន្នភាពលើសមិទ្ធផលការងារទាំង០៨ក្រុម ដែលបានបែងចែកក្រុមពិភាក្សាពិគ្រោះយោបល់ និងសរសេរចងក្រងរួមមាន (១) ផ្នែកវះកាត់ (២) ផ្នែកជាលិកាទ្រទ្រង់ធ្មេញ (៣) ផ្នែកព្យាបាលរន្ធឫសធ្មេញ (៤) ផ្នែកពត់តម្រង់ធ្មេញ (៥) ផ្នែកជំងឺជាលិកាក្នុងមាត់ (៦) ផ្នែកទន្តសាស្ត្រកុមារ (៧) ផ្នែកទន្តសាស្ត្រមនុស្សចាស់ និង(៨) ផ្នែកទន្តសាស្ត្រទូទៅ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំខាងលើមានការចូលរួមពី លោកវេជ្ជបណ្ឌិត ភូ លាង អគ្គនាយករងបច្ចេកទេសសុខាភិបាល មន្ត្រីការិយាល័យសុខភាពមាត់ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ធនធាន នៃក្រសួងសុខាភិបាល និងលោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ក្រោមជាតិ សមាគមឯកទេស ព្រមទាំងអង្គការពាក់ព័ន្ធផងដែរ៕