កិច្ចប្រជុំវិសាមញ្ញនៃ គណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់កិច្ចការស្រាវជ្រាវ
August 30, 2024
នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិក្រមសីលធម៌សម្រាប់ការស្រាវជ្រាវដែលទាក់ទងនឹងមនុស្ស បានរៀបចំកិច្ចប្រជុំពេញអង្គជារៀងរាល់២ខែម្តង ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា ប្រធានគណៈកម្មាធិការជាតិក្រមសីលធម៌ និងសមាជិក សមាជិការរួមទាំងក្រុមលេខាធិការដើម្បីពិនិត្យលើពិធីសារនៃការស្រាវជ្រាវដែលតំរូវឱ្យឆ្លងតាមរយៈការប្រជុំពេញអង្គ ហើយបានដាក់មកគណៈកម្មាធិការក្នុងខែកក្កដា និងសីហា២០២៤កន្លងមក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យប្រធាន បានស្វាគមន៍សមាជិក សមាជិការ និងក្រុមលេខានឹងរំលឹកពីតួនាទីនឹងភារកិច្ចរបស់គណៈកម្មាធិការនិងក្រុមលេខានៅក្នុងការពិនិត្យលើការសិក្សាស្រាវជ្រាវដែលទាក់ទងនឹងមនុស្សនៅកម្ពុជា។ ឯកឧត្តមប្រធានក៍បានណែនាំអោយក្រុមការងារស្វែងរកធាតុចូលថ្មីៗបន្ថែមទៀតសំដៅចូលរួមបង្កើនគុណភាពនៃការស្រាវជ្រាវជាពិសេសលើផ្នែកវេជ្ជសាស្រ្តនៅកម្ពុជា។
ជាលទ្ធផល គណៈកម្មាការបានបញ្ចប់ធ្វើការពិនិត្យយ៉ាងល្អិតល្អន់លើពិធីសារនៃការសិក្សាស្រាវជ្រាវ ចំនួន១៤ ដោយឈរលើគោលការណ៍ក្រមសីលធម៌ គោលការណ៍វិទ្យាសាស្រ្តសម្រាប់ការស្រាវជ្រាវ និងតំរូវការនៃវិស័យសុខាភិបាលកម្ពុជា។ក្រៅពីនេះគណៈកម្មាធិការក៍បានធ្វើការវាយតំលៃទៅលើពិធីសារនៃការស្រាវជ្រាវតាមរយៈ ការវាយតំលៃរហ័សចំនួន ៧០ (ក្នុងនោះមាន ការសិក្សារបស់និស្សិត ឯកសារគម្រោងតាមស្ថាប័ន ការឆ្លើយតបក្នុងប្រជុំ និងរបាយការណ៌)។