ការចុះពិនិត្យស្ថានភាពសុខាភិបាលសាធារណៈ នៃមណ្ឌលសុខភាពចំនួន០៤ ក្នុងខេត្តស្វាយរៀង
August 30, 2024
ខេត្តស្វាយរៀង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាព នៅក្នុងខេត្តចំនួន៧ (ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) អមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការ ទទួលបន្ទុកខេត្តស្វាយរៀង និងព្រៃវែង បានចុះពិនិត្យស្ថានភាពសុខាភិបាលថ្នាក់មណ្ឌលសុខភាពចំនួន០៤កន្លែង នៃស្រុកប្រតិបត្តិស្វាយទាប ដើម្បីពិនិត្យ និងជំរុញការអនុវត្តតាមសៀវភៅស្តង់ដា នៃការទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាពនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខភាពសាធារណៈ និងនៅក្នុងសហគមន៍
២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៤) ការបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ
៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស
៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល
៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ និង
៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/៧ថ្ងៃ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី បុគ្គលិក នៅមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តស្វាយរៀងដែលបានបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ។
ក្នុងការចុះពិនិត្យនោះដែរក៏មានការចូលរួមសម្របសម្រួលពី លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និង លោកស្រីវេជ្ជបណ្ឌិត មាស កញ្ញា អនុប្រធានមន្ទីរសុខាភិបាល មន្រី្តបច្ចេកទេស និងប្រធានការិយាល័យស្រុកប្រតិបត្តិស្រុកស្វាយទាប ។
សូមបញ្ជាក់ថាក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅកម្រិតមណ្ឌលសុខភាព នៃក្រសួងសុខាភិបាល ទទួលបន្ទុកខេត្តស្វាយរៀង បានចុះពង្រឹងការបម្រើសេវាសុខភាពនៅមណ្ឌលសុខភាព ក្នុងខេត្តស្វាយរៀងបានចំនួន ៤៩មណ្ឌលសុខភាព ស្មើនឹង១០០% នៃមណ្ឌលសុខភាពសរុប និងបន្តតាមដានជាបន្តបន្ទាប់ទៅលើវឌ្ឍនភាពនៃការកែលម្អ ដើម្បីធានាបានថាប្រជាពលរដ្ឋបន្តទទួលបានការបម្រីសេវាសុខភាពប្រកបដោយ គុណភាព សុវត្ថិភាព និងសមធម៌។