កិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារលើកកម្ពស់គុណភាព
August 30, 2024
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារលើកកម្ពស់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធវីដេអូ ZOOM។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពការងារនៃការកែលម្អគុណភាព នៅតាមមូលដ្ឋានសុខាភិបាល ដែលបានអនុវត្តកន្លងមក និងចែករំលែកបទពិសោធន៍ពីការអនុវត្តលើការធ្វើអនាម័យដៃ ការពេញចិត្តរបស់អ្នកជំងឺ ការធ្វើផែនការកែលម្អគុណភាព និងសុវត្ថិភាពអ្នកជំងឺក្នុងមន្ទីរពេទ្យ និងធ្វើផែនការកែលម្អគុណភាពរបស់មន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រា្តចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលជាសមាជិក-សមាជិកាក្រុមការងារលើកកម្ពស់គុណភាព ប្រធានមន្ទីររាជធានី ខេត្ត ទាំង២៥ គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្រ្តីការិយាល័យធានាគុណភាពនៃនាយកដ្ឋានមន្ទីរពេទ្យ បុគ្គលិកទទួលបន្ទុកការងារពង្រឹងគុណភាពនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត មន្រ្តីសម្របសម្រួលការងារកែលម្អគុណភាពនៅតាមមន្ទីរពេទ្យទូទាំង២៥ រាជធានី ខេត្ត តំណាងធនាគារពិភពលោក WHO និងUSAID/EQHA-II/FHI360។