ការចុះពិនិត្យការអនុវត្តការថែទាំសុខភាពបឋម (PHC-BIF) នៅតាមសហគមន៍ និងសិក្ខាសាលាតម្រង់ទិសស្ដីពីឧបករណ៍វាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការងារអភិវឌ្ឍការជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តរតនគិរី
September 06, 2024
ខេត្តរតនគិរី ៖ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) បានបំពេញដំណើរបេសកកម្មនៅក្នុងខេត្តរតនគិរី ដើម្បីចុះពិនិត្យការអនុវត្តការថែទាំសុខភាពបឋម (PHC-BIF) នៅតាមសហគមន៍ និងដើម្បីអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពីឧបករណ៍វាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការងារអភិវឌ្ឍការជំរុញបង្កើនការថែទាំសុខភាពបឋមនៅក្នុងខេត្តរតនគិរី។
សិក្ខាសាលានេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកំពស់សុខភាព ក្នុងគោលបំណងតម្រង់ទិសលើការប្រើប្រាស់ឧបករណ៍វាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការងារជំរុញបង្កើនការថែទាំសុខភាពបឋម ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី មន្ទីរសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព មន្ត្រីពាក់ព័ន្ធថ្នាក់ស្រុក ឃុំ ភូមិ និងតំណាងដៃគូអភិវឌ្ឍសុខាភិបាល។
គួរបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តការថែទាំសុខភាពបឋម ដោយបានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) នៅក្នុងសហគមន៍ នៃមណ្ឌលសុខភាពអូរជុំ និងមណ្ឌលសុខភាពបានលុង ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិដើមភាគតិច ដែលរស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ នៃខេត្តរតនគិរី។