Cambodia
New Details

Image
ក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៃក្រសួងសុខាភិបាល ចុះពិនិត្យមន្ទីរពហុព្យាបាល លីស្រីវីណា
September 10, 2024

រាជធានីភ្នំពេញ៖ នាព្រឹកអង្គារ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំនាញឯកទេសសម្រាប់ត្រួតពិនិត្យ និងតាមដានការអនុវត្តរបស់មូលដ្ឋានសុខាភិបាលឯកជន នៅព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ ជាទីប្រឹក្សា អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋាននីតិកម្ម ប្រធាននាយកដ្ឋានមន្ទីរពេទ្យ និងមន្ត្រីបច្ចេកទេសនាយកដ្ឋាន ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលឯកជន របស់មន្ទីរពហុព្យាបាល លីស្រីវីណា ដែលមានទីតាំងស្ថិតនៅ លេខ៣១៧ ផ្លូវលេខ៤៣០ សង្កាត់ទួលទំពូង២ រាជធានីភ្នំពេញ។

គោលបំណងនៃការចុះត្រួតពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលឯកជន គឺដើម្បីធានាបាននូវការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋទូទៅ ដែលអញ្ជើញទៅទទួលសេវាពិនិត្យព្យាបាល និងថែទាំជំងឺនៅគ្រប់គ្រឹះស្ថានបម្រើសេវាទាំងអស់។ ដូចនេះ គ្រប់មូលដ្ឋានផ្តល់សេវាសុខាភិបាលឯកជនត្រូវគោរពតាមលិខិតបទដ្ឋានគតិយុត្ត លក្ខខណ្ឌបទដ្ឋានបច្ចេកទេស រួមមានធនធានមនុស្សដែលប្រកបដោយសមត្ថភាពជំនាញបទពិសោធន៍ច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងមានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈបរិក្ខារពេទ្យសមស្រប។

បន្ទាប់ពីការប្រជុំបង្ហាញសមាសភាព និងគោលបំណងរបស់ក្រុមការងារពិសេស និងស្តាប់នូវបទបង្ហាញពីខាងមន្ទីរពហុព្យាបាល ដោយមានការសួរនាំឱ្យមានការបំភ្លឺបន្ថែមពីសំណាក់ភាគីមន្ទីរពហុព្យាបាលរួចមក ក្រុមការងារបានធ្វើការចុះត្រួតពិនិត្យជាក់ស្តែងនៅតាមជាន់ និងបន្ទប់ថែទាំព្យាបាលនីមួយៗ អំពីដំណើរការនៃការបម្រើសេវាទាំងសេវាវេជ្ជសាស្ត្រ ទាំងអមវេជ្ជសាស្ត្រ សេវាវះកាត់ សេវាសម្ភព ជាដើម និងពិនិត្យឧបករណ៍ សម្ភារៈ បន្ទប់ពិសោធន៍ បន្ទប់ថតឆ្លុះ រូបភាពវេជ្ជសាស្ត្រ និងឱសថតាមកម្រិតជំនាញនៃការផ្តល់សេវា។ 

ក្នុងនោះដែរ ក្រុមការងារក៏បានរកឃើញពីចំនុចខ្វះខាតមួយចំនួនដែលតម្រូវឱ្យភាគីខាងមន្ទីរពហុព្យាបាលធ្វើការកែតម្រូវ និងបំពេញបន្ថែមឱ្យបានគ្រប់តាមនិយាម ស្តង់ដាក្នុងរយៈពេលកំណត់ជាក់លាក់មួយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8