ជំនួបពិភាក្សាការងារជាមួយ ប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) សម្រាប់ការពិនិត្យទៅលើការងាររបស់គម្រោងសុខភាពតែមួយ
September 11, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (One Health) បានទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដែលដឹកនាំដោយ លោក Matthias Nachtnebel Senior Health Advisor នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) សម្រាប់ការពិនិត្យទៅលើការងាររបស់គម្រោងសុខភាពតែមួយ។
គោលបំណងក្នុងជំនួបពិភាក្សានេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖
១) ការពិភាក្សាអំពីការជ្រើសរើសទីប្រឹក្សាអនុវត្តគម្រោង
២) ពិនិត្យ និងបង្ហាញពីតួនាទីភារកិច្ច របស់លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ
៣) វឌ្ឍនភាពទៅលើបច្ចុប្បន្នភាពនៃសកម្មភាពការងារ
៤) កិច្ចសហប្រតិបត្តិការបន្តទៀត សម្រាប់ការងារក្នុងគម្រោងសុខភាពតែមួយ
ជាចុងក្រោយ លោកជំទាវរដ្ឋលេខាធិការ ផ្តល់អនុសាសន៍ណែនាំបន្ថែមអំពី បទពិសោធន៍ និងនិតីវិធីក្នុងការអនុវត្តការងារដែលធ្លាប់បានអនុវត្តកន្លងមក ជាមួយដៃគូអភិវឌ្ឍន៍នានា និងគាំទ្រកិច្ចសហប្រតិបត្តិការការងារបន្តបន្ទាប់ទៀត ដើម្បីជំរុញដល់ការអនុវត្តគម្រោងកាន់តែល្អប្រសើរ។
ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ និងលោក លោកស្រីជាក្រុមការងារពាក់ព័ន្ធ។