កិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា (ក.យ.ផ.គ.) របស់ក្រសួងសុខាភិបាល
September 12, 2024
ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ត ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានា (ក.យ.ផ.គ.) របស់ក្រសួងសុខាភិបាល បានរៀបចំកិច្ចប្រជុំលើកទី១ ក្រោមការដឹកនាំរបស់ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ក.យ.ផ.គ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ និងលេខាធិការដ្ឋាន ក.យ.ផ.គ.។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ ក.យ.ផ.គ. និងពិនិត្យពិភាក្សាលើសូចនាករគន្លឹះក្នុងវិស័យសុខាភិបាលដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចវាស់វែងបានប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។
អង្គប្រជុំ បានប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋាន ក.យ.ផ.គ. បន្ដសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយន្ដការសម្របសម្រួលរវាងអង្គភាពថ្នាក់ជាតិ ថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ក្នុងការកំណត់សូចនាករគន្លឹះ ដែលត្រូវផ្សារភ្ជាប់យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ, និងផែនការរបស់វិស័យសុខាភិបាលផងដែរ៕