កិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យឡើងវិញលើគោលការណ៍ និងលក្ខណ:វិនិច្ឆ័យ នៃតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល និងការកំណត់ប្រាក់តំបន់សម្រាប់មន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
September 12, 2024
រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រួតពិនិត្យឡើងវិញលើគោលការណ៍ និងលក្ខណ:វិនិច្ឆ័យ នៃតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល និងការកំណត់ប្រាក់តំបន់សម្រាប់មន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណ:។
ក្នុងដំណើរការពេញមួយព្រឹកនេះ អង្គប្រជុំបានឯកភាពលើកិច្ចការទៅមុខដែលត្រូវបំពេញក្នុងដំណើរការនៃការពិនិត្យកែសម្រួលគោលការណ៍ និងលក្ខណ:វិនិច្ឆ័យ នៃតំបន់ជួបការលំបាក និងតំបន់ដាច់ស្រយាល ព្រមទាំងការកំណត់ប្រាក់តំបន់សម្រាប់មន្ត្រីរាជការស៊ីវិលក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដោយទទួលបានលទ្ធផលតាមការគ្រោងទុក។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាងក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារពាក់ព័ន្ធ ដែលមានចំនួនសរុបប្រមាណ ៥៦រូប ។