Cambodia
New Details

Image
ការចុះពង្រឹង​ និងជួយធ្វេីឱ្យប្រសេីរឡេីង នៃការស្រាវជ្រាវធ្វេីរោគវិនិច្ឆ័យជំងឺរបេងជាពិសេសជំងឺរបេងកុមារ
September 14, 2024

ខេត្តកណ្តាល ៖​ នៅសប្ដាហ៍ទី​២ ចាប់ពីថ្ងៃទី​១០ ដល់ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤​ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ លោកជំទាវវេជ្ជបណ្ឌិត​ ព្រុំ​ ឆោមសា​យឿន​ ទីប្រឹក្សា​ក្រសួង​សុខាភិបាល​ ព្រមទាំងក្រុម​ការ​ងារ​ និង​ដោយមានការសហការ​ពី​លោក​វេជ្ជបណ្ឌិត​ ហួត​ ចាន់យុដា​ នាយកមជ្ឈមណ្ឌលជាតិ​កំចាត់​រោគរបេង​ និងហង់សិន​ បានចុះបំពេញការងារនៅមន្ទីរពេទ្យបង្អែកស្រុក​ អង្គស្នួល មន្ទីរពេទ្យបង្អែកស្រុក​ ពញាឮ និង​មន្ទីរពេទ្យតេជោសែន​កោះធំ ស្រុក​ប្រតិបត្តិ កោះធំ នៃ​ខេត្ត​កណ្តាល។ 

គោលបំណង នៃការចុះពង្រឹងការងារ គឺដើម្បីធ្វេីឱ្យប្រសេីរឡេីងនៃការធ្វេីរោគវិនិច្ឆ័យ​ ជំងឺរបេងកុមារ​ ដែលទាក់ទងនឹង​៖
​-​ ការធ្វេីរោគវិនិច្ឆ័យច្រេីនលេីសលប់​ (​Over​ diagnosis)​ ដោយផ្អែកលេី​ទិន្នន័យជំងឺរបេងកុមារ​ធៀបជាមួយជំងឺរបេងគ្រប់សណ្ឋានដែលបានចុះបញ្ជីក្នុងឆ្នាំ​២០២៣ និង​២ត្រីមាស​ ដេីមឆ្នាំ​២០២៤ ដែលវិធីសាស្រ្ត នៃការកែលម្អ​គឺ ក្រុមការងារបានប្រមូលកុមារដែល​រស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេង​សួតវិជ្ជមានបេកា​ ឱ្យមក​មន្ទីរពេទ្យបង្អែក​ ក្នុងគោលបំណង៖
- ពិនិត្យ​កុមារដេីម្បីធ្វេីរោគវិនិច្ឆ័យ​ និង​ព្យាបាលតាមនីតិវិធី នៃសេចក្តីណែនាំថ្នាក់ជាតិ​ ស្តីពីការស្រាវជ្រាវ​ ការធ្វេីរោគ​វិនិច្ឆ័យ​ និងការព្យាបាលជំងឺរបេងកុមារ។ 
​- បានបង្រៀននៅនឹងកន្លែងនូវរបៀបនៃការស្ទាបរកកូន​កណ្តុររីកធំនៅផ្នែកខាងក្រៅនៃក​ ដែលជំរុញឱ្យគិតខ្លាំងដល់ជំងឺរបេងកូនកណ្តុរកុមារ​ ដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ​ ដេីម្បីជំរុញការធ្វេីរោគវិនិច្ឆ័យជំងឺរបេងកូនកណ្តុរឱ្យកាន់តែមានភាពសុក្រិត្យ។
​- ​ធ្វេីឱ្យមានការកេីនឡេីងនូវការរកឃេីញជំងឺរបេងសួតកុមារ​នៅកម្ពុជា​  ដោយផ្តល់អនុសាសន៍​ គ្រប់កុមារទាំងអស់ដែលធ្វេីរោគវិនិច្ឆ័យជាជំងឺរបេង​ ត្រូវតែថតសួត​ (​តាម​របាយ​ការណ៍​នៃអង្គការសុខភាពពិភពលោក​ ៧៥%​ នៃជំងឺរបេងកុមារ​ គឺជាជំងឺរបេងសួត​ ដែលផ្ទុយទៅវិញ​ នៅប្រទេសកម្ពុជា​ការរកឃេីញជំងឺរបេងសួតកុមារបានត្រឹម​ ៥ទៅ​ ១០% ប៉ុណ្ណោះ) 
​- បានបង្រៀនជាទ្រឹស្ដីនូវមេរៀនទាក់ទងជំងឺរបេងកុមារ​ 
-​ បានបង្រៀននូវការអានហ្វីលទាក់ទងជំងឺរបេងកុមារដល់គ្រូពេទ្យទាំងអស់ដែលពាក់ព័ន្ធ​
​- បានចូលជួយពិនិត្យ​ និងពិភាក្សាអ្នកជំងឺសម្រាកពេទ្យដែល​ពិបាកធ្វេីរោគវិនិច្ឆ័យ​
-​ បានផ្ដល់នូវវិធីសាស្ត្រក្នុងការជួយព្យាបាលផលរំខាននៃថ្នាំរបេង​។ 
-​ ​បានផ្តល់នូវវិធីសាស្ត្រ​ និង​លក្ខខណ្ឌនៃការព្យាបាលបង្ការ​ (TPT) ដល់កុមារអាយុក្រោម១៥ឆ្នាំ ប្រាកដជាមានសុខភាព​ល្អ និងដែលរស់នៅជិតស្និទ្ធជាមួយអ្នកជម្ងឺរបេងសួតវិជ្ជមាន​បេកា​ ផងដែរ។ 

ជាលទ្ធផល​ កុមារដែលរស់នៅជិតស្និទ្ធជាមួយអ្នកជំងឺរបេងសួតវិជ្ជមានបេកាមកកាន់មន្ទីរពេទ្យបង្អែកទាំង៣ ស្រុកប្រតិបត្តិសរុបចំនួន​៥៤នាក់​ ក្នុង​នោះ​មាន៖
- រកឃេីញជំងឺរបេងកុមារដែលត្រូវព្យាបាលចំនួន​ ៥នាក់​ ជារបេងកូនកណ្តុរ​ ក្នុងនោះពុំមានមានរបេងសួតគ្លីនិកកុមារទេ(ក្រោយពីបានពិនិត្យរូបភាពថតសួតរួច)
-​ ដាក់ឱ្យព្យាបាលបង្ការជម្ងឺរបេងចំនួន​ ៤នាក់
-​ កុមារ​ស្ថិតក្នុងការតាមដាន​ ចំនួន​ ១៣នាក់
- កុមារដែលពុំមានរោគសញ្ញាសង្ស័យរបេង ៣៦ នាក់
- គ្រូពេទ្យ​ និង​គិលានុបដ្ឋាកដែលពាក់ព័ន្ធយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញបានយល់ និងអាចធ្វេីរោគវិនិច្ឆ័យជំងឺរបេងកុមារឱ្យកាន់តែប្រសេីរឡេីង​ និងមានភាពសុក្រិត្យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11