Cambodia
New Details

Image
ការចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៣ និងប៉ុស្តិ៍សុខភាពចំនួន១ ក្នុងខេត្តសៀមរាប
September 13, 2024

ខេត្តសៀមរាប៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប និងមន្ត្រីស្រុកប្រតិបត្តិ អង្គរជុំ បានចុះពិនិត្យស្ថានភាពនៃមណ្ឌលសុខភាពចំនួន៣ និងប៉ុស្តិ៍សុខភាពចំនួន១ ក្នុងខេត្តសៀមរាបដែលមានដូចជា មណ្ឌលសុខភាពនគរភាស មណ្ឌលសុខភាពខ្នាត មណ្ឌលសុខភាព គោកដូង និងប៉ុស្តិ៍សុខភាពស្នាតេជោ ដែលស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ គូនេន ខេត្តសៀមរាប។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីជួយគាំទ្រជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្ដល់សេវាថែទាំ និងព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសមធម៌ ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព
២. ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ
៣. ការបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាថែទាំដល់អ្នកជំងឺ
៤. ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស
៥. ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសនិងប្រព័ន្ធឌីជីថល
៦. ការគ្រប់គ្រងឱសថ វ៉ាក់សាំង និងការថែទាំសម្ភារបរិក្ខារពេទ្យ
៧. ការបំពេញការងារនិងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍ ។

ឆ្លៀតឱកាសនោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្ដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

Image 1
Image 2
Image 3
Image 4
Image 5