Cambodia
New Details

Image
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤
September 18, 2024

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៩រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៥នាក់ និងបណ្ឌិតចំនួន០៤នាក់។

ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង ៩រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៍រឹងមាំរបស់ប្រទេសជាតិ។

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ដល់និសិ្សតជ័យលាភីទាំងអស់ ដើម្បីរួមចំណែកដល់ការសិក្សាឲ្យបានជោគជ័យដូចខាងក្រោម៖
១- ត្រូវមានមោទនភាព ដែលបានទទួលបាននូវអាហារូបករណ៍នេះ
២- ត្រូវរំលេចឱ្យឃើញ ស្គាល់ឱ្យច្បាស់ពីសារៈសំខាន់នៃការសិក្សារៀងៗខ្លួន។ ធ្វើយ៉ាងណាឱ្យដំណើរនៃការសិក្សារបស់យើង ក្លាយទៅជាការជួយអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
៣ - ចេះលើកទឹកចិត្តខ្លួនឯង និងតាំងចិត្តថាធ្វើឱ្យបាន
៤ - បង្ហាញពីវប្បធម៌ដ៏ល្អរបស់ជាតិ និងចែករំលែកដល់ប្រទេសដ៏ទៃឱ្យបានដឹង
៥ - ជំរុញធ្វើយ៉ាងណាឱ្យមានការទំនាក់ទំនងល្អ ក្នុងចំណោមគ្នាយើង និងក្នុងចំណោមបណ្ដានិស្សិតប្រទេសទាំងឡាយ គឺធ្វើជាមនុស្សល្អចំពោះអ្នកនៅជុំវិញខ្លួន
៦- ធ្វើយ៉ាងណាលើកកម្ពស់ពីការស្ថាបនាជាតិរបស់យើង តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ
៧- ថែទាំសុខភាពផ្លូវចិត្ត សុខុមាលភាពផ្ទាល់ខ្លួនម្នាក់ៗ ដូចជាការសម្រាកឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងហូបចុកឱ្យបានល្អ 
៨- មានការទំនាក់ទំនងល្អជាមួយអង្គភាពដែលខ្លួនបំពេញការងារ និងជាមួយស្ថានទូតខ្មែរនៅប្រទេសជប៉ុន
៩- និស្សិតម្នាក់ត្រូវដើរតួជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ប្រទេសជាតិ០១រូប ត្រូវដើរតួថាយើងជាអ្នកតំណាងឱ្យប្រទេសជាតិយើង ឱ្យមានសេចក្ដីថ្លៃថ្នូរ ឱ្យមានការគោរព។

បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះសំខាន់ៗ ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី តំណាងនិស្សិតបានធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំរៀនសូត្រឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិវិញ។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលទាំងអស់ ដែលបានចូលរួម និងជូនពរឱ្យក្មួយៗនិស្សិតទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនវត្ថុអនុស្សាវរ័យ៍នូវសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗ ចំនួនមួយក្បាលផងដែរ។

Image 1
Image 2
Image 3
Image 4