កិច្ចប្រជុំពិភាក្សា ស្តីពី ការពង្រឹងសមត្ថភាពលើកិច្ចការងារលទ្ធកម្ម ផែនការថវិកា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោង ក្នុងក្របខណ្ឌវិស័យសុខាភិបាល
September 19, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ជាមួយលោកស្រី Eda KRAJA នាយិកាអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Service-UNOPS) ប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ ដើម្បីបានចូលជួបពិភាក្សាការងារ។
កិច្ចការងារដែលជាការឆ្លើយតបទៅនឹងការស្នើសុំ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ អង្គការ UNOPS បានរៀបចំជាសិក្ខាសាលាចែករំលែកបទពិសោធន៍ល្អៗ ដែលផ្តោតលើការងារលទ្ធកម្ម ជាមួយក្រុមហ៊ុន និងដៃគូផ្គត់ផ្គង់ជូនដល់មន្ត្រីបច្ចេកទេសសុខាភិបាល នាពេលថ្មីៗនេះ ដែលមានគោលដៅពង្រឹងលើសមត្ថភាព ជំនាញក្នុងការអនុវត្តការងារគម្រោងនានា ក្នុងក្របខណ្ឌសុខាភិបាល។
បន្ថែមពីអ្វីដែលបានធ្វើកន្លងមក កិច្ចប្រជុំលើកនេះគឺធ្វើឡើង ដើម្បីសិក្សាស្វែងយល់ អំពីលទ្ធភាព និងតម្រូវការ និងមតិយោបល់ត្រឡប់ របស់ក្រសួងសុខាភិបាល ទៅលើកិច្ចសហប្រតិបត្តិការកន្លងមក ស្តីពីកិច្ចការងារលទ្ធកម្ម ផែនការថវិកា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងគម្រោង តាមរយៈការចែករំលែកបទពិសោធន៍ ស្ថិតិ ក៏ដូចជាភស្តុតាងវិទ្យាសាស្ត្រ អំពីការអនុវត្តល្អៗ ស្តីពី បរិក្ខារនៃការរៀបចំគម្រោង ដោយរួមបញ្ជូល ការរៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធរយៈពេលវែង ការរៀបចំគម្រោង និងហិរញ្ញវត្ថុ ដំណើរការដេញថ្លៃ ការអនុវត្ត និងប្រតិបត្តិការគម្រោងជាដើម។
ជាការឆ្លើយតប អង្គការUNOPS បានជម្រាបជូន អំពីផែនការយុទ្ធសាស្ត្រសុខភាពសាកល ឆ្នាំ២០២៣-២០២៥ (UNOPS Global Health Strategy 2023-2025) ដែលប្តេជ្ញាថា នឹងនៅតែបន្តចូលរួមចំណែក ក្នុងការពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល អំពីការងារលទ្ធកម្ម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្តិការគម្រោងនានា ប្រកបដោយប្រសិទ្ធភាព សក្ខសិទ្ធភាព និងចីរភាព (Project Preparation Facilities) ជាពិសេសផ្តោតទៅលើ ការអនុវត្តភាពជាដៃគូក្នុងក្របខណ្ឌវិស័យសុខាភិបាល រវាងរដ្ឋ និងឯកជន (Public Private Partnership-PPP)។
ជាកិច្ចបញ្ចប់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ អង្គការ UNOPS ដែលបានសហការគាំទ្រក្រសួងសុខាភិបាល ទាំងការសម្របសម្រួលបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងកិច្ចការលទ្ធកម្មលើសម្ភារៈ និងឱសថសារវន្ត ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តចែករំលែកជំនាញបច្ចេកទេស តាមរយៈវិធីសាស្ត្រដែលមានភាពបត់បែន ដូចជាការពិគ្រោះតាមប្រព័ន្ធនិម្មិត វគ្គបណ្តុះបណ្តាលជាស៊េរីជាដើម ដើម្បីជាចំណែកក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្ត្រសុខាភិបាលជាតិ ក៏ដូចជាបានអនុឡោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។