ការទទួលជួបសំណេះសំណាល និងពិក្សាការងារ ក្នុងកិច្ចសហប្រតិបត្តិការជាដៃគូជាមួយក្រុមការងារ SingHealth នៃប្រទេសសិង្ហបុរី
September 19, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាល និងសំដែងការគួរសមជាមួយលោកសាស្រ្តាចារ្យ Prof. Tan Hiang Khoon នាយកវិទ្យាស្ថានសុខភាពសកល នៃសាកលវិទ្យាល័យ Duke-NUS និងជានាយកប្រតិបត្តិការអន្តរជាតិ នៃក្រុម SingHealth។
កិច្ចជុំនួបរវាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ SingHealth នៃប្រទេសសិង្ហបុរីបានផ្តោតលើកិច្ចសហប្រតិបត្តិការលើ ៥ចំណុចសំខាន់ៗ រួមមាន៖ ១) ពិនិត្យរួមគ្នារៀបចំគោលការណ៌ណែនាំ និងបច្ចុប្បន្នភាពស្តីពីការសង្គ្រោះជំងឺគាំងបេះដូង ២) ស្វែងយល់ចំណុចគន្លឹះបន្ថែមពង្រឹងសមត្ថិភាពធនធានមនុស្សជំនាញផ្នែកសង្គ្រោះបឯម និងសង្គ្រោះបន្ទាន់ ៣) ស្វែងរកមធ្យោបាយបង្កើតទីតាំង ដោយធ្វើការឆ្លើយតបរួមគ្នា និងរៀបចំសម្ភារបណ្តុះបណ្តាលបន្ថែមការសង្គ្រោះបឯម និងសង្គ្រោះបន្ទាន់ ៤) ពិនិត្យបន្ថែមលើការបង្កើតប្រព័ន្ឋគ្រប់គ្រងទិន្នន័យ អ្នកជំងឺគាំងបេះដូង និង ៥) បង្ខិតការបណ្តុះបណ្តាលដល់សហគមន៍ស្តីពីការសង្គ្រោះករណីគាំងបេះដូង។
លោកសាស្ត្រាចារ្យ Tan Hiang Khoon នាយក វិទ្យាស្ថានសុខភាពសកល នៃសកលវិទ្យាល័យ Duke-NUS SingHealth បានបង្ហាញជំហរបន្តរគំាទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ពីការខិតខំស្វែងរកមធ្យោបាយពង្រឹងសម្ថតភាព ជំនាញផ្នែកគិលានុបដ្ឋាក ការស្រាវជ្រាវ និងនវានុវត្តន៍។
ជាកិច្ចបញ្ចប់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ ក្រុម SingHealth ដែលបានសហការជួយគាំទ្រដល់វិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។