ការចុះពិនិត្យការអនុវត្តការថែទាំសុខភាពបឋម (PHC-BIF) នៅតាមសហគមន៍ និងចូលរួមសិក្ខាសាលាស្ដីពីការជំរុញការអនុវត្តក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅក្នុងខេត្តព្រះវិហារ
September 19, 2024
ខេត្តព្រះវិហារ ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ ១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) បានបំពេញដំណើរបេសកកម្មនៅក្នុងខេត្តព្រះវិហារ ដើម្បីចុះពិនិត្យការអនុវត្តការថែទាំសុខភាពបឋម (PHC-BIF) នៅតាមសហគមន៍ និងចូលរួមសិក្ខាសាលាស្ដីពីការជំរុញការអនុវត្តក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋមថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ/សង្កាត់ នៅក្នុងខេត្តព្រះវិហារ។
កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ក្នុងគោលបំណងកំណត់សកម្មភាពអាទិភាពទៅតាមសកម្មភាពស្នូលទាំង ៦របស់ក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការថែទាំសុខភាពបឋម ដើម្បីជំរុញការងារនេះក្នុងរយៈពេល ១ឆ្នាំ និង៣ឆ្នាំ នៅក្នុងខេត្តព្រះវិហារ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅចំនួន២លើក ដោយលើកទីមួយនៅថ្ងៃទី ១៧ -១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី រដ្ឋបាលខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរកិច្ចការនារីខេត្ត មន្ទីរអភិវឌ្ឍជនបទ មន្ទីរផែនការ និងមន្ទីរទេសចរណ៍ និងលើកទីពីរនៅថ្ងៃទី ១៩-២០ ខែកញ្ញា ២០២៤ ដោយមានអ្នកចូលរួមមកពី ការិយាល័យនានានៃសាលាក្រុងព្រះវិហារ មន្ទីរសុខាភិបាលខេត្ត និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តការថែទាំសុខភាពបឋម ដោយបានជួបប្រជុំជាមួយគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) នៅមណ្ឌលសុខភាពកោះកេរ្តិ៍ និងនៅសង្កាត់ប៉ាលហាល ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលរស់នៅភូមិកោះកេរ្តិ៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារផងដែរ។