គណៈប្រតិភូសុខាភិបាលធ្វើទស្សនកិច្ចសិក្សា និងពិភាក្សាការងារនៅសាកលវិទ្យាល័យអូស្លូ ព្រះរាជាណាចក្រន័រវែស អំពីការប្រើថ្នាល DHIS2 ដើម្បីធ្វើបរិវត្តន៍កម្មប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល (HMIS) និងប្រព័ន្ធសុខាភិបាលឌីជីថលជាអាទិភាពនៅកម្ពុជា
September 20, 2024
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល បំពេញទស្សនកិច្ចសិក្សា និងពិភាក្សាការងារ នៅសាកលវិទ្យល័យ អូស្លូ នៃព្រះរាជាណាចក្រន័រវែស។
ទស្សនកិច្ចសិក្សានេះ ក៏មានការចូលរួមផងដែរពីតំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការ UNICEF អង្គការ Gavi និងអង្គការ CHAI ក្នុងគោលបំណង៖
១) ស្វែងយល់ពីថ្នាល DHIS2 ដែលអាចប្រើប្រាស់ស្របនឹងតម្រូវការនៃប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលរបស់កម្ពុជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានភ័ស្តុភារកម្ម ប្រព័ន្ធគ្រប់គ្រងឱសថ និងប្រព័ន្ធកត់ត្រាព័ត៌មានចាក់ថ្នាំបង្ការ ដែលនឹងអាចលើកកម្ពស់គុណភាពទិន្នន័យ សមត្ថភាពវិភាគ និងលទ្ធផលនៃការផ្តល់សេវាសុខាភិបាល
២) ពិភាក្សាជាមួយដៃគូសំខាន់ៗ និងអ្នកជំនាញបច្ចេកទេស ដើម្បីរៀបចំផែនការសកម្មភាព ធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាល (HMIS) ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនាឆ្នាំ២០២៦ និង
៣) ពិភាក្សាជាមួយដៃគូសំខាន់ៗ និងអ្នកជំនាញបច្ចេកទេស អំពីថ្នាលរៀបចំប្រព័ន្ធគ្រប់គ្រងឱសថ និងព័ត៌មានភ័ស្តុភារកម្ម។