Cambodia
New Details

Image
ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន VINCI CONSTRUCTION GRANDS PROJETS S.A.S នៃសាធារណរដ្ឋបារាំង
September 23, 2024

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការ បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុនVINCI  នៃសាធារណរដ្ឋបារាំង ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Junsereiwath SOK Economic Attaché តំណាងឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ ពេញសមត្ថភាព នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។  

អនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ រៀបចំប្រតិបត្តិគម្រោងសិក្សាលទ្ធភាព នៃការសាងសង់មន្ទីរពេទ្យអន្តរជាតិ កម្ពុជា-បារាំង ដែលគ្រោងជាមន្ទីរពេទ្យ ចូលរួមចំណែកក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសេវាសុខាភិបាលប្រកបដោយបច្ចេកទេសខ្ពស់ ព្រមទាំងបម្រើឱ្យការបណ្តុះបណ្តាល និងការធ្វើការសិក្សាស្រាវជ្រាវផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងសិក្សាដែលមានរយៈពេលប្រមាណជា ៩ខែនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលបារាំង ក៏ដូចជាឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

នៅក្នុងពិធីនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ ក្រុមហ៊ុន Vinci និង Assistance publique des Hôpitaux de Paris (AP-HP) ភាគីពាក់ព័ន្ធផ្សេងទៀតក្នុងគម្រោងនេះ ជាពិសេសស្ថានទូតបារាំង ប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាលនៃ សាធារណរដ្ឋបារាំងតែម្តង ដែលតែងតែ បានជួយឧបត្ថម្ភគាំទ្រវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ 

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តឱ្យសម្រេចនូវ គោលបំណងដែលបានចែងក្នុងអនុស្សរណៈយោគយល់គ្នានេះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6