ផែនទីបង្ហាញផ្លូវទំនាក់ទំនង ក្នុងគោលដៅបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-បារាំង លើកទី២ នៅសាធារណរដ្ឋបារាំង
September 26, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការរៀបចំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីផែនទីបង្ហាញផ្លូវ ស្ដីពីទំនាក់ទំនងរវាងកម្ពុជា-បារាំង ក្នុងគោលដៅបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយកម្ពុជា-បារាំងលើកទី២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង។
គោលបំណងនៃកិច្ចប្រជុំ៖
១- ពិភាក្សាលើសេចក្ដីព្រាងរបៀបវារៈ នៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយទ្វេភាគីកម្ពុជា-បារាំង លើកទី២។
២- ពិភាក្សាតាមចំណុចនីមួយៗ នៃខ្លឹមសារផែនទីពីទំនាក់ទំនងរវាងកម្ពុជា-បារាំង ក្នុងគោលដៅបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។
៣- ស្នើសុំឱ្យតំណាង ក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា ពិចារណា និងពិនិត្យលទ្ធភាពចូលរួម ជាការបង្ហាញពីការប្ដេជ្ញាចិត្តពីភាគីកម្ពុជា។
ក្នុងកិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម លីម ប៊ុនហុក រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការអញ្ជើញចូលរួមពី ឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាមួយមន្ត្រីនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំតំណាង ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា រួមមាន អាជ្ញាធរមីន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងការពារជាតិ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្មក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរ៉ែ និងថាមពល រដ្ឋលេខាធិការដ្ឋានអកាសចរស៊ីវិល។