កិច្ចប្រជុំលើកទី៥ ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិក ទន្តវទនសាស្ត្រ (Technical Working Group of Clinical Practice Guidelines for Dentistry ) របស់ក្រសួងសុខាភិបាល
September 25, 2024
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាប្រធាន រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន ក្រុមការងារបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រ នៃគណៈកម្មការសម្របសម្រួលសម្រាប់ថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៥ ដើម្បីពិនិត្យលើវឌ្ឍនភាព និងលើកទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសមគ្គុទេសក៍ព្យាបាលគ្លីនីកទន្តវទនសាស្ត្រ។
កិច្ចប្រជុំនេះបង្កើតឡើងក្នុងគោលបំណងផ្តោតសំខាន់ដូចខាងក្រោម:
ក) ការត្រួតពិនិត្យលើវឌ្ឍនភាពការងារក្រុមនីមួយៗ
ខ) ការបញ្ចប់សេចក្តីព្រាង និងទម្រង់មុនពេលអនុម័ត។
គ) វាយតម្លៃលើដំណើរការការងារ និងការរៀបចំជាក្រុម ដើម្បីបង្កើនលំហូរការងារទាំង០៨ក្រុម ដែលបានបែងចែកក្រុមពិភាក្សាពិគ្រោះយោបល់ និងសរសេរចងក្រងរួមមាន៖ (១) ផ្នែកវះកាត់ (២) ផ្នែកជាលិកាទ្រទ្រង់ធ្មេញ (៣) ផ្នែកព្យាបាលរន្ធឫសធ្មេញ (៤) ផ្នែកពត់តម្រង់ធ្មេញ (៥) ផ្នែកជំងឺជាលិកាក្នុងមាត់ (៦) ផ្នែកទន្តសាស្ត្រកុមារ (៧) ផ្នែកទន្តសាស្ត្រមនុស្សចាស់ (៨) ផ្នែកទន្តសាស្ត្រទូទៅ។
បន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃ ប្រកបដោយឆន្ទៈប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមសរសេរចងក្រងសៀវភៅបច្ចេកទេសមគ្គទេសក៍ព្យាបាលគ្លីនិកទន្តវទនសាស្ត្រនេះឡើង ដើម្បីជាសារប្រយោជន៍រួមសម្រាប់ចូលរួមអភិវឌ្ឍវិស័យទន្តសាស្ត្រ បម្រើសេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំខាងលើមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យសុខភាពមាត់ធ្មេញ នៃនាយកដ្ឋានការពារសុខភាព មន្រ្តីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងសុខាភិបាល ព្រមទាំងលោក លោកស្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីគ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យថ្នាក់ក្រោមជាតិ សមាគមឯកទេស ព្រមទាំងអង្គការពាក់ព័ន្ធ ដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ផងដែរ៕