កិច្ចប្រជុំស្តីពី បច្ចុប្បន្នភាពរបស់ក្រុមការងារនៃគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល
September 27, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ ព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល(គ.ថ.ព.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាពរបស់ក្រុមការងារ នៃគណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ នៃក្រសួងសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល និងតាមរយៈប្រព័ន្ធវីដេអូ ZOOM។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំមគ្គទេសក៍គ្លីនិកនៃផ្នែកវេជ្ជសាស្ត្រនីមួយៗ (ផ្នែកជំងឺកុមារ ផ្នែកវះកាត់ ផ្នែកជំងឺទូទៅ ផ្នែកសម្ភព និងរោគស្រ្តី និងមគ្គទេសក៍ផ្នែកទន្តសាស្ត្រ) វឌ្ឍនភាពនៃការងារប្រយុទ្ធប្រឆាំងនឹងភាពស៊ាំឱសថប្រឆាំងមេរោគ និងការងាររៀបចំសេចក្តីណែនាំសម្រាប់មន្ទីរពេទ្យបង្អែក (CPA Guideline)។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រចារ្យ ប៉ិច សុធី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធាន គ.ថ.ព.វ.ជ. ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងសមាជិក សមាជិកានៃក្រុមការងារ គណៈគ្រូពេទ្យកម្ពុជា តំណាងអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍។