កិច្ចប្រជុំពិនិត្យសេចក្តីព្រាងនិយាមប្រតិបត្តិសម្រាប់បង្កើតមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
September 27, 2024
រសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លេខាធិការដ្ឋាន នៃគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) បានដំណើរការកិច្ចប្រជុំពិនិត្យសេចក្តីព្រាងនិយាមប្រតិបត្តិ សម្រាប់បង្កើតមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន គ.ព.ស.គ.ញ ដោយមានការចូលរួមពី លោកជំទាវអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធនៃក្រសួងសុខាភិបាល សរុបចំនួន ២០រូប។
ឯកឧត្តមប្រធានអង្គប្រជុំបានមានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនត្រូវមានបទដ្ឋានរួមមួយ ដើម្បីធានាបាននូវការថែទាំ ការព្យាបាល និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដែលមានគុណភាព ព្រមទាំងមានបទដ្ឋានរួម ដូចជាហេដ្ឋារចនាសម្ព័ន្ធ សេវាព្យាបាល និងស្តារនីតិសម្បទា ធនធានមនុស្ស ឧបករណ៍សម្ភារៈ ដើម្បីគាំទ្រដល់ការលើកកម្ពស់ការជាសះស្បើយ និងលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាពទូទៅ។
គួរបញ្ជាក់ផងដែរថា នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់បង្កើតមជ្ឈមណ្ឌល មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនត្រូវបានរៀបចំដោយលេខាធិការធិការដ្ឋាន នៃ គ.ព.ស.គ.ញ ដើម្បីគោរពជូន ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដើម្បីពិនិត្យ មុននឹងគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេតសាវឿន ឧបនាយករដ្ឋមន្រ្តី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះហត្ថលេខា ដើម្បីដាក់ឱ្យក្រសួង ស្ថាប័ន វិស័យឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល យកទៅអនុវត្តក្នុងការរៀបចំ និងប្រតិបត្តិការ នៃមណ្ឌលព្យាបាល និងស្តារនីតិសម្បទា។