ជំនួបពិភាភ្សាស្វែងរកការគាំទ្រ និងឱកាសសហការក្នុងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF)
October 09, 2024
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (Task Force for Primary Health Care Booster Implementation Framework) បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារជាន់ខ្ពស់មកពី វិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) និង University Research Co.,LLC.
កិច្ចប្រជុំពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណងដើម្បី ផ្ដល់ការណែនាំដើម្បីបង្កើនការយល់ដឹងទៅកាន់ក្រុមការងារនៃអង្គការទាំងពីរ អំពីទិសដៅអាទិភាពរបស់ការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា (PHC-BIF) និង ផ្តល់ការគាំទ្រលើការត្រៀមរៀបចំគម្រោងសំណើថវិកាទៅកាន់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) លើគម្រោង Sustainable Outcomes through Primary Healthcare Integration (SOPHI) របស់សហរដ្ឋអាមេរិក ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាលក្នុងការងារជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅក្នុងប្រទេសកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិលើកំពស់សុខភាព (NCHP) ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសុខាភិបាលដែលមកពី អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល, នាយកដ្ឋានការពារសុខភាព នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល នាយកដ្ឋានមន្ទីរពទ្យ នាយកដ្ឋានឱសថ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងក្រុមការងារជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) និង University Research Co.,LLC. ផងដែរ។