ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃឡង់ដ៍
October 11, 2024
ប្រទេសថៃ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាគណៈប្រតិភូអន្តរក្រសួងទៅទស្សនកិច្ចសិក្សានៅ មន្ទីរពេទ្យផុងណាមរ៉ុន (Pong Nam Ron) ដែលផ្តល់សេវាព្យាបាលជំងឺអេដស៍ ក្នុងខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃឡង់ដ៍ថៃ។
ដំណើរទស្សនកិច្ចនេះជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលមេរោគអដេស៍និងជំងឺអេដស៍ក្នុងចំណោមពលករខ្មែរដែលឆ្លងដែន និងកំពុងធ្វើការនៅប្រទេសថៃ។ នៅពេលខាងមុខអ្នកបច្ចេកទេសកម្ពុជានឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈនៃការយោគយល់ឱ្យពលករខ្មែរអាចធ្វើតេស្តនិងទទួលការព្យាបាលជំងឺអេដស៍នៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។
សមាសភាពគណៈប្រតិភូអន្តរក្រសួងដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមមាន ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ អមដំណើរគណៈប្រតិភូរួមមាន ឯកឧត្តមអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ ឯកឧត្តមអភិបាលរងខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន អភិបាលរងស្រុក តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ HACC & AHF ។
ភាគីថៃទទួលស្វាគមន៍គណៈប្រតិភូរួមមានឯកឧត្តម Monsit Paisarntanawat អភិបាលខេត្តចន្ទបុរី លោកប្រធានមន្ទីរសុខាភិបាលខេត្តចន្ទបុរី ប្រធានមន្ទីរពេទ្យផុងណារ៉ុន ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងផ្នែកជំងឺអេដស៍និងកាមរោគនៃ ក្រសួងសុខាភិបាលថៃ ព្រមទាំងតំណាងអង្គការសង្គមស៊ីវិលដែលធ្វើការងារអេដស៍ផងដែរ។