Cambodia
New Details

Image
ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក នៃខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
October 11, 2024

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ 
ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវានៅ មន្ទីរពេទ្យបង្អែកស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី និងមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី។

ក្នុងអំឡុងបេសកកម្មពិនិត្យការងារនេះឯកឧត្តមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែក ទាំងពីរ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងពីរ ដោយផ្តោតលើផ្នែកសំខាន់ៗចំនួន៧គឺ៖
​១. ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ
២. ធនធានមនុស្ស
៣. សេវាគ្លីនិក (សង្គ្រោះបន្ទាន់ បន្ទប់ថតឆ្លុះ មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់ឆ្លងទន្លេ ព្រមទាំង​ផ្នែកទន្ត​សាស្ត្រ)
៤. ឧបករណ៍ បរិក្ខារ និងឱសថ 
៥. ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦. ការលើកកម្ពស់គុណភាពសេវា
៧. លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់មន្ត្រី បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តទាំងពីរ ដែលបានលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជនទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់​ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពការងារ និយាមវិជ្ជាជីវៈ ការបដិសណ្ឋារកិច្ចល្អ មានឥរិយាបទទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងការបម្រើសេវាប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព។

ក្នុងឱកាសបេសកកម្មនោះដែរ ក៏មានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តមណ្ឌលគិរី  នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោកស្រីអភិបាលរងស្រុកកោះញែក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ សែនមនោរម្យ និងលោកអនុបណ្ឌិត ជា សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8