ការចុះពិនិត្យ និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់មូលដ្ឋាន សុខាភិបាលសាធារណៈទូទាំងប្រទេសដោយក្រុមការងាររៀបចំផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (Health Infrastructure Investment Plan: HIIP)នៃគម្រោង H-EQIP2 របស់ក្រសួងសុខាភិបាល
October 16, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងព្រមទាំងទទួលបានការចង្អុលបង្ហាញពីលោកជំទាវវេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាលដំណាក់កាលទី២ (H-EQIP2) និងតបតាមការណែនាំពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល លោកស្រីសាស្ត្រាចារ្យជំនួយ ស៊ុយ សុវណ្ណធីតា អគ្គនាយិការងបច្ចេកទេសសុខាភិបាល និងជាប្រធានក្រុមការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានសុខាភិបាលសាធារណៈ (Health Infrastructure Investment Plan: HIIP) នៃគម្រោង H-EQIP2 បានដឹកនាំក្រុមការងារទទួលបន្ទុក លើកិច្ចការងារ HIIP ចំនួន ៦ក្រុម ក្នុងការចុះពិនិត្យ និងវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋាន សុខាភិបាលសាធារណៈនៅទូទាំង ២៥ រាជធានីខេត្ត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០២៤។
ត្រឹមថ្ងៃទី១៦ ខែតុលានេះ ក្រុមការងារបានបញ្ចប់ការចុះពិនិត្យ និងវាយតម្លៃលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំង ២៥ រាជធានីខេត្តបានរួចរាល់ ដែលក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រីជាក្រុមការងារបច្ចេកទេសនៃធនាគារពិភពលោកផងដែរ។
គោលបំណង នៃការចុះពិនិត្យ និងវាយតម្លៃគឺផ្តោតទៅលើ៖
១. ការប៉ាន់ប្រមាណតម្រូវការការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ថ្នាក់មណ្ឌលសុខភាព
២. ការប៉ាន់ប្រមាណតម្រូវការការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រាប់មន្ទីរពេទ្យបង្អែកកម្រិត១ (CPA1) និងកម្រិត២ (CPA2)
៣. ការប៉ាន់ប្រមាណតម្រូវការរថយន្តគិលានសង្គ្រោះបន្ថែម។