កិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម
October 18, 2024
ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តន៍ការជំរុញបង្កើនការងារថែទាំសុខភាពបឋម [Task Force for Primary Health Care Booster Implementation Framework (PHC-BIF)] បានដឹកនាំកិច្ចប្រជុំក្រុមការងារ PHC-BIF ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពដែលបានធ្វើក្នុងឆ្នាំ២០២៤ កន្លងមក រួមទាំងធ្វើបច្ចុប្បន្នភាពការងារ និងរៀបចំផែនការថ្នាក់ក្រោមជាតិសម្រាប់ការអនុវត្តបន្តនៅឆ្នាំ២០២៥។
កិច្ចប្រជុំនេះ បានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) ដែលជាលេខាធិការដ្ឋាននៃ Task Force of PHC-BIF បានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធនិមិត្ត Zoom ដោយមានអ្នកចូលរួមសរុបចំនួន ៩៨រូប រួមមាន ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងារថ្នាក់ខេត្ត នាយកដ្ឋាននៃក្រសួងសុខាភិបាលពាក់ព័ន្ធដូចជានាយកដ្ឋានប្រយុទ្ធជំងឺឆ្លង, ការពារសុខភាព, សុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន, និងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ព្រមទាំងក្រុមការងារបង្គោលអន្តរវិស័យជំរុញបង្កើនការថែទាំសុខភាពបឋមថ្នាក់ខេត្ត មកពីសាលាខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត និងបណ្ដាដៃគូអភិវឌ្ឍផងដែរ។