Cambodia
New Details

Image
ក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក និងលើកទិសដៅបន្តជុំទី៣ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង
October 19, 2024

ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងរួមដំណើរដោយលោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះពង្រឹងគុណភាពសេវានៅ មន្ទីរពេទ្យបង្អែកទាំង៥ ក្រោមឱវាទមន្ទីរសុខាភិបាលខេត្តស្វាយរៀង រួមមានមន្ទីរពេទ្យបង្អែកស្វាយជ្រុំ មន្ទីរពេទ្យបង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែករមាសហែក  និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។

សកម្មភាពចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែកស្រុកទាំង៥ ផ្តោតលើ៧ផ្នែកសំខាន់ៗរួមមាន៖
១.ហេដ្ឋារចនាសម្ព័ន្ធ និងរថយន្តគិលានសង្គ្រោះ
២.ធនធានមនុស្ស និងបណ្តុះបណ្តាល
៣.សេវាគ្លីនិក (សង្គ្រោះបន្ទាន់ បន្ទប់រូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ បន្ទប់វះកាត់ និងបន្ទប់សម្ភព-រោគស្រ្តី ព្រមទាំងផ្នែកសុខភាពមាត់-ធ្មេញ)
៤.ឱសថ ឧបករណ៍ សម្ភារបរិក្ខារពេទ្យ
៥.ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ
៦.ការលើកកម្ពស់គុណភាពសេវា និង
៧. លក្ខខណ្ឌច្បាប់ និងរដ្ឋបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងការកោតសរសើរ ពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកសុខាភិបាល ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាលជូនប្រជាជនទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្រ្តី បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពង្រឹងសមត្ថភាពការងារ និយាមវិជ្ជាជីវៈ ការបដិសណ្ឋារកិច្ចល្អ មានឥរិយាបថទន់ភ្លន់ រួសរាយរាក់ទាក់ ក្នុងការបម្រើសេវាប្រកបដោយប្រសិទ្ធិភាព គុណភាព សុវត្ថិភាព។

ក្រោយសកម្មភាពចុះត្រួតពិនិត្យ ក្រុមការងារក៏មានកិច្ចប្រជុំបូកសរុបការងារនិងផ្តល់ព័ត៌មានត្រឡប់នៅមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្ត និងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត អនុប្រធានមន្ទីរសុខាភិបាលទាំង ៣រូប និងថ្នាក់ដឹកនាំការិយាល័យទាំង៤ នៃមន្ទីរសុខាភិបាលខេត្ត ដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈម និងលើកផែនការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកស្រុក ធ្វើយ៉ាងណាឱ្យមានការរីកចម្រើនដើម្បីបម្រើសេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព ស្របតាមគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6