ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យបង្អែកពោធិ៍តុង នៅក្នុងរាជធានីភ្នំពេញ
October 25, 2024
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយទទួល បានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាក្រុមការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យបង្អែកពោធិចិនតុង ជុំទី៣ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែក គ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យ ឃើញមានភាពប្រសើរឡើង បើធៀបទៅនិង លទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យ បង្អែកស្រុកជុំទី១ កាលពីចុងឆ្នាំ២០២៣ ហើយបញ្ហា ប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវ បានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានផ្តល់ អនុសាសន៍ជម្រុញលើកទឹកចិត្តដល់ការបន្តអនុវត្តការងារមួយចំនួនដូចជា៖
១. បន្តអនុវត្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ
២. បន្តអនុវត្តសកម្មភាពបម្រើសេវា ដោយបន្តការផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង
៣. ទំនាក់ទំនងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសុខសុវត្ថិភាព ជូនទាំងមន្ត្រីប្រចាំការនិងប្រជាជនមកទទួលសេវាព្យាបាល
៤. ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺដោយបំពាក់ឧបករណ៍ គ្រប់គ្រងហនិភ័យ ប្រកបដោយបច្ចេកទេស ដើម្បីធានាបានសុវត្ថិភាពខ្ពស់ និងទាន់ពេលវេលា
៥. បន្តអនុវត្តការរៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ គោរពឋានានុក្រមការងារ គោរព ក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ
៦. បន្តអនុវត្តការពង្រឹងការងារប្រជុំបច្ចេកទេស និង ពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម បន្ត ចែករំលែកឱ្យបានទូលំទូលាយស្តីពីការ បណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយដល់មន្ត្រីក្រោម ឱវាទនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលភាពជា អ្នកដឹកនាំ និងនវានុវត្តន៍ ដែលបានឧទ្ទេសនាមដោយ ផ្ទាល់ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
៧. បន្តអនុវត្តការផ្សព្វផ្សាយសារអប់រំសុខភាព និង ផ្សព្វផ្សាយសំដៅការលើកកម្ពស់ការយល់ដឹង និង ការប្រតិបត្តិត្រឹមត្រូវជូនប្រជាជន
៨. បន្តអនុវត្តការថែទាំទុកដាក់ឱសថ បរិក្ខារ សម្ភារៈ ឱ្យបានត្រឹមត្រូវ
៩. បន្តអនុវត្តការរៀបចំផ្នែកបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ និងណែនាំអ្នកជំងឺប្រកបដោយទំនុកចិត្ត និងស្នាមញញឹម។
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការ ចូលរួមពី ថ្នាក់ដឹកមន្ទីរសុខាភិបាលរាជធានី ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រី សុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែក ទាំង២ រួមមាន មន្ទីរបង្អែកចតុមុខ និងមន្ទីរពេទ្យបង្អែកពោធិចិនតុង។