Cambodia
New Details

Image
សន្និសីទប្រចាំឆ្នាំលើកទី២៨ របស់សមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងសមាគមគិលានុបដ្ឋាកឯកទេសសណ្ដំ និងប្រពោធនកម្មកម្ពុជា ក្រោមប្រធានបទ គ្រប់គ្នាអាចសង្គ្រោះជីវិត Everyone Can SaveLife
October 26, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្ក្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងការបើកសន្និសីទប្រចាំឆ្នាំលើកទី២៨ របស់សមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជានិងសមាគមគិលានុបដ្ឋាកឯកទេសសណ្ដំ និងប្រពោធនកម្មកម្ពុជា នៅសណ្ឋាគារភ្នំពេញ។ 
 
សន្និសីទប្រចាំឆ្នាំលើកទី២៨ បានរៀបចំឡើងក្រោមប្រធានបទ «គ្រប់គ្នាអាចសង្គ្រោះជីវិត Everyone Can Save Life»  ក្នុងគោលបំណងដូចខាងក្រោម៖
១. បង្កើនចំណេះដឹង និងជំនាញផ្នែកគ្លីនិក៖ ធ្វើបច្ចុប្បន្នភាពអំពីការអនុវត្តព្យាបាលដោយផ្អែកលើភស្តុតាង បច្ចេកទេសព្យាបាល និងការរីកចម្រើនថ្មីៗក្នុងវិស័យវេជ្ជសាស្រ្តនៃឯកទេសសណ្ដំប្រពោធនកម្ម សង្រ្គោះបន្ទាន់ និងការថែទាំអ្នកជំងឺ
២. លើកកម្ពស់កិច្ចសហការជាតិ និងអន្តរជាតិ៖ លើកកម្ពស់កិច្ចសហការរវាងវេជ្ជបណ្ឌិត គិលានុបដ្ឋាក ជាតិ និងអន្តរជាតិដើម្បីចែករំលែកបទពិសោធន៍ការងារ ករណីជោគជ័យ និងនវានុវត្តន៍វេជ្ជសាស្ត្រក្នុង
យុគសម័យបច្ចេកវិទ្យា
៣. អភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងស្ថានភាពប្រឈមធ្ងន់ធ្ងរ៖ ផ្ដល់ការបណ្តុះបណ្តាលបន្តដោយផ្ទាល់ និងការបង្ហាត់ករណីស្មុគស្មាញដើម្បីគ្រប់គ្រងករណីបន្ទាន់ ព្យាបាលសង្គ្រោះជីវិត និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
 
នាឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តល់អនុសាសន៍ លើចំនុចសំខាន់ៗ ចំនួន៥ ដែលសមាគមទាំងពីរបានកំពុងអនុវត្ត និងត្រូវបន្តអនុវត្តក្នុងទិសដៅលើកស្ទួយ និងអភិវឌ្ឍលើមុខជំនាញទាំងបីនេះ ដោយស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា៖
១. ចូលរួមបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ និងអភិវឌ្ឍចំណេះជំនាញបន្តទាំងជំនាញរឹង និងជំនាញទន់ក្នុងការអនុវត្តន៍កិច្ចការងារព្យាបាល និងថែទាំដោយផ្តោតលើអ្នកជំងឺ
២. អនុវត្តការងារបម្រើសេវាសុខភាពប្រជាជនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គុណធម៌ និងទំនួលខុសត្រូវខ្ពស់
៣. ភាពជាអ្នកដឹកនាំក្នុងកិច្ចថែទាំ និងព្យាបាលអ្នកជំងឺ
៤. បង្កើនកិច្ចសហការអន្តរជំនាញពាក់ព័ន្ធ ដើម្បីចូលរួមក្នុងការង្កើតផែនការព្យាបាល និងថែទាំអ្នកជំងឺ ជាពិសេសករណីស្មុគស្មាញអោយមានប្រសិទ្ធភាពខ្ពស់
៥. លើកកម្ពស់វិធានការសុវត្ថិភាព ពិធីសារស្ដង់ដា នៃការព្យាបាលដែលកាត់បន្ថយហានិភ័យ និងផលវិបាក នៃជំងឺនីមួយៗ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការព្យាបាល។
 
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យបានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូលរួមជាគណៈអធិបតីដើម្បីចែកម៉ាស៊ីនCapnography ចំនួន១៣គ្រឿង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន១៣  រួមមាន មន្ទីរពេទ្យបង្អែកខេត្តតាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន-ត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ ស្រុកអង្គរជុំ និងស្រុកពួក នៃខេត្តសៀមរាប។
 
សូមបញ្ជាក់ថាម៉ាស៊ីន Capnography ទាំងនេះ ជាជំនួយរបស់មូលនិធិ Lifebox Foundation តាមរយៈសមាគមសណ្ដំ ប្រពោធនកម្ម សង្រ្គោះបន្ទាន់កម្ពុជា និងក្រោមការគាំទ្រដោយក្រសួងសុខាភិបាល ដើម្បីផ្ដល់ជូនចំពោះមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត និងស្រុក CPA3 CPA2។ ឧបករណ៍នេះ សម្រាប់តាមដានអ្នកជំងឺអំឡុងពេលដាក់ថ្នាំសណ្ដំក្នុងការវះកាត់ ។ 
 
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល សមាជិក និងសមាជិការទាំងអស់របស់សមាគមដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទនេះជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះជាឆ្នាំលើកទី២៨ និងបានជូនពរឱ្យដំណើរការនៃអង្គសន្និសីទទាំងមូលប្រកបដោយជោគជ័យ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12