Cambodia
New Details

Image
ប្រសាសន៍ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបរិច្ចាគឈាម៖ «សូមប្រាប់ទៅមិត្តភក្ត្រ័យើង ក្រុមគ្រួសារយើង បើចង់ធ្វើអ្វីពិសេសថ្ងៃនេះ សូមស្មគ្រ័ចិត្តផ្តល់ឈាមថ្ងៃនេះ។» និង «ផ្តល់ឈាមម្តង មានន័យយ៉ាងពិតប្រាកដថា បានជួយនាំជីវិតមួយ ផ្តល់ត្រឡប់ជូនទៅវិញដល់ឪពុក ម្តាយ កូន ប្តី ប្រពន្ធ ដែលលោកកំពុងរង់ចាំ។»
October 28, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក មន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្រោមប្រធានបទ «រួមគ្នាបរិច្ចាគឈាម  សង្រ្គោះជីវិតក្រោមម្លប់សន្តិភាព» ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ១ឆ្នាំ នៃការបើកដំណើរការមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

ក្នុងឱកាសអបអរសាទរខួប១ឆ្នាំនេះ នៃការបើកដំណើរការមន្ទីរពេទ្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យ ចំពោះការខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របនឹងការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងការបម្រើសេវាសុខាភិបាលជាគ្រូពេទ្យ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តឱ្យបុគ្គលិក មន្ដ្រីរាជការ នៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលសកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គម ដើម្បីប្រទេសជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ក៏ជាសកម្មភាពមនុស្សធម៌ផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការរួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិតក្រោមម្លប់សន្ដិភាព គឺបង្ហាញពីទឹកចិត្តស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ហើយក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាធ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា ដែលមានសន្ដិភាពពេញលេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួន ក្នុងវិស័យសុខាភិបាល ដើម្បីទ្រទ្រង់សភាពការណ៍ ក្នុងករណីមានគ្រោះមហន្ដរាយដែលកើតឡើងជាយថាហេតុ ដូចខាងក្រោម៖
- មន្ទីរពេទ្យគ្រប់កម្រិត ត្រូវត្រៀមរៀបចំក្នុងការព្យាបាលជំងឺឆ្លង ដែលអាចកើតឡើងជាយថាហេតុ ជាមួយមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ចៀសវាងអ្នកជំងឺទៅពង្រាយតាមមន្ទីរពេទ្យនានា និងធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារជារាល់ឆ្នាំ ដោយធ្វើហាត់សមជាមួយគ្នាឱ្យបានទៀងទាត់
- ត្រៀមរៀបចំផ្គត់ផ្គង់សម្ភារបរិក្ខារ ដើម្បីឆ្លើយតបគ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ
- ត្រូវគ្រប់គ្រងការទទួលអ្នកជំងឺឆ្លងមកពីមន្ទីរពេទ្យនានា ដោយសហការជាមួយនឹងក្រុមជំនាញឯកទេស ពីមន្ទីរពេទ្យជាតិផ្សេងៗ ដោយបង្កើតក្រុមជំនាញគាំទ្រព្យាបាលទៅតាមឯកទេស
- ធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្ដរក្រសួងដែលពាក់ព័ន្ធរួមមាន សន្ដិសុខ ព័ត៌មានវិទ្យា អាជ្ញាធរ ភ័ស្ដុភារ និងផ្នែកពាក់ព័ន្ធនានា។ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖ «យើងមិនត្រឹមតែធ្វើអ្វីអោយបាន តាមលទ្ធភាពដែលអាចធ្វើបាននោះទេ។ យើងថែមទាំងត្រូវខិតខំធ្វើអ្វីអោយបានលើសពីលទ្ធភាពដែលអាចធ្វើបាន។»

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្ដិភាពទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម និងថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំ ក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីនេះឡើង និងសង្ឃឹមយ៉ាងមុតមាំថានឹងបន្តសកម្មភាពដ៏ប្រពៃថ្លៃថ្លានេះ ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីជួយជីវិតមនុស្ស។

ក្នុងនោះដែរ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំនួន ៣៩រូប ដែលក្នុងនោះរួមមាន៖ មេដាយមាសការងារ ចំនួន ១រូប មេដាយប្រាក់ការងារ ចំនួន ៣រូប និងមេដាយសំរិទ្ធការងារ ចំនួន៣៥រូប ដែលមានស្នាដៃ និងដើម្បីជាការរលើកទឹកចិត្ត ក្នុងការខិតខំបំពេញភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងឱកាសនៃពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យ រួមមាន ឯកឧត្តម ស្រី វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គនាយកបច្ចេកទេសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព ព្រមទាំងមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11