កិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី៣ ឆ្នាំ២០២៤ អាណត្តិទី២
October 31, 2024
នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨.៣០ព្រឹក នៅមន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី៣ ឆ្នាំ២០២៤ អាណត្តិទី២ ដែលដឹកនាំដោយលោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង។
ប្រជុំនេះមានរបៀបវារៈអង្គដូចខាងក្រោម៖
១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤
៣- សំណើសុំពិនិត្យសេវាមួយចំនួន
៤- ផ្សេងៗ។
លោកជំទាវសាស្ត្រាចារ្យប្រធានបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ជម្រាបអង្គប្រជុំនូវរបៀបវារៈខាងលើ ដើម្បីពិនិត្យ និងអនុម័ត។ បន្ទាប់មកលោកជំទាវសាស្ត្រាចារ្យប្រធានបានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ និងអនុម័តនូវរបៀបវារៈដែលបានជម្រាបជូនខាងលើ។
ជាកិច្ចបន្ត លោកជំទាវសាស្ត្រាចារ្យប្រធាន បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
- ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង អំពីការសាងសង់អគារ ១៥ជាន់ ក្នុងរយៈពេល ២-៣ឆ្នាំ ដើម្បីសុំការយោគយល់ពីការរំខានផ្សេងៗ ក៏ដូចជាពុំមានទីធ្លាគ្រប់គ្រាន់សម្រាប់ការរង់ចាំ
- ត្រូវរៀបលំហូរនៃការផ្តល់សេវាឱ្យបានច្បាល់លាស់ ដើម្បីឱ្យទាំងបុគ្គលិក និងប្រជាពលរដ្ឋបានយល់ច្បាស់ ក្នុងអំឡុងពេលសាងសង់អគារ
- ត្រូវរៀបចំពង្រឹងបន្ថែមនូវរចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈផ្សេងៗ និងធនធានមនុស្ស ដើម្បីផ្តល់សេវាសុខាភិបាលឱ្យកាន់មានប្រសិទ្ធភាពខ្ពស់
- ត្រូវតាមដាន និងឆ្លើយតបនូវរាល់ព័ត៌មាន ក៏ដូចជាមតិផ្សេងៗនូវលើបណ្តាញសង្គមនានា។
ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យប្រធាន បានមានប្រសាសន៍បិទអង្គប្រជុំ និងថ្លែងអំណរគុណម្តងទៀត ដល់សមាជិក សមាជិកាអង្គប្រជុំទាំងមូលដែលបានចំណាយពេលវេលាអញ្ជើញចូលរួម៕