សន្និសីទប្រចាំឆ្នាំលើកទី ៨ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ បច្ចុប្បន្នភាពជំងឺកុមារ ៥
November 02, 2024
ខេត្តសៀមរាប៖ នៅថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាសៀមរាប លោកជំទាវសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំលើកទី៨ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ “បច្ចុប្បន្នភាពជំងឺកុមារ ៥”។
សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទារកដែលកើតមុនពេលកំណត់ទាក់ទងនឹងជំងឺសួតរ៉ាំរ៉ៃ (Bronchopulmonary Dysplasia) បង្កើនការយល់ដឹងអំពីការបញ្ចេញលាមកដំបូងរបស់ទារក (meconium) ដែលជាសញ្ញានៃជំងឺទល់លាមក (Hirschprung) និងជំងឺពោះវៀនពីកំណើត ចែករំលែកបទពិសោធន៍ទាក់ទងការធ្វើកោសល្យវិច័យអំពីមរណភាពទារកនៅក្នុងខេត្តព្រះវិហារ ការគ្រប់គ្រងជំងឺហូរឈាមចំពោះកុមារ និងការធ្វើតេស្តរហ័សសម្រាប់ជំងឺគ្រុនឈាម។
ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវសាស្ត្រាចារ្យ បានគូសបញ្ជាក់អំពីផែនការយុទ្ធសាស្ដ្រក្នុងការពង្រឹងវិស័យសុខាភិលនៅឆ្នាំ២០២៤ និងឆ្នាំបន្ត ដែលក្រសួងសុខាភិបាលនឹងបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍នូវអន្តរាគមន៍ដូចតទៅ៖
• ការពង្រឹង និងពង្រីកសេវាអប់រំ លើកកម្ពស់សុខភាព សេវាបង្ការ សេវាថែទាំព្យាបាល និងបង្ការហានិភ័យសុខភាព
• ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងអន្តរាគមន៍សុខភាពសាធារណៈ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត
• ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង/ លេចឡើងសាជាថ្មី ជំងឺឆ្លងពីសត្វមកមនុស្ស សុវត្ថិភាពចំណីអាហារ ភាពស៊ាំនៃមេរោគនឹងឱសថប្រឆាំងមេរោគ និងហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នគរូបនីយកម្ម និងគ្រោះមហន្តរាយផ្សេងៗ និង
• ការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល។
តាំងនាមឱ្យក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យកុមារអង្គរ ក្នុងការរៀបចំឱ្យមានសន្និសីទនេះយ៉ាងទៀងទាត់ រយៈពេល៨ឆ្នាំ កន្លងមកហើយ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈខ្ពស់។ សន្និសីទនេះ ពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជា សំដៅធ្វើឱ្យមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យាដែលជាធនធានចាំបាច់ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាល។
សន្និសីទនេះ មានការចូលរួមពីគណអធិបតីថ្នាក់ដឹកនាំ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាយកមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងសាស្ដ្រាចារ្យ វាគ្មិន និងសិក្ខាកាមជាវេជ្ជបណ្ឌិត គិលានុបដ្ឋាក និស្សិតវេជ្ជសាស្រ្ត របស់មន្ទីរពេទ្យកុមារអង្គរ និងតាមបណ្ដាមន្ទីរពេទ្យនៅទូទាំង ២៥ រាជធានីខេត្ត នៃប្រទេសកម្ពុជា ចំនួន ២៥០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញ ៣០០នាក់។