ការចុះត្រួតពិនិត្យ និងវាយតម្លៃសុពលភាពអគារមណ្ឌលសុខភាព និងឃ្លាំងឱសថ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល
November 04, 2024
នាថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ សុពលភាពអគារមណ្ឌលសុខភាព សាក់សំពៅ មណ្ឌលសុខភាពស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមណ្ឌុលសុខភាព ទឹកវិលស្រុកស្អាង មណ្ឌលសុខភាពកោះកែវ មណ្ឌលសុខភាពថ្មគរ និងឃ្លាំងឱសថនៃការិយាល័យស្រុកប្រតិបត្តិល្វាឯម នៅខេត្តកណ្តាល។
អគារមណ្ឌលសុខភាព និងឃ្លាំងឱសថខាងលើនេះ ត្រូវបានដាក់ឱ្យដំណើរក្នុងការប្រើប្រាស់ រយៈពេល១ឆ្នាំហើយ ដែលតម្រូវឱ្យក្រុមការងារធ្វើការពិនិត្យវាយតម្លៃគុណភាពសាងសាង់ឡើងវិញ ក្រោយដាក់អោយប្រើប្រាស់ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ ដោយជាលទ្ធផល ឯកឧត្ដមសាស្រ្តាចារ្យ និងក្រុមការងារវាយតម្លៃបានធ្វើការផ្ទៀងផ្ទាត់ នូវលក្ខណៈបច្ចេកទេស និងគុណភាពសំណង់រឹងមាំ នៃសុពលភាពសំណង់តាមលក្ខខណ្ឌកិច្ចសន្យា និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ ក្រុមការងារវាយតម្លៃបានស្នើឱ្យអ្នកម៉ៅការសាងសង់មានការកែលម្អបន្ថែម និងជួសជុលនូវចំណុចខ្វះខាតមួយចំនួន ដើម្បីបង្កើនគុណភាព និងសោភណ្ឌភាពឱ្យបានស្រស់ស្អាត។
ឯកឧត្តមសាស្ត្រាចារ្យ ក៏បានចុះសួរសុខទុក្ខដល់ក្រុមការងារគ្រូពេទ្យ និងអ្នកជំងឺនៅមណ្ឌលសុខភាព និងស្នើសុំអោយប្រធានមណ្ឌលសុខភាព និងមន្ត្រីរាជការសុខាភិបាល ក្នុងនាមជាម្ចាស់អាគារ ត្រូវប្រើប្រាស់ដោយមានការទទួលខុសត្រូវ ព្រមទាំងយកចិត្តទុកដាក់ក្នុងការថែទាំ និងសម្អាតអនាម័យឱ្យបានស្អាត។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តែផ្តាំ និងណែនាំ ជូនប្រធានមន្ទីរសុខាភិបាល ប្រធានស្រុកប្រតិបត្តិ ប្រធានមណ្ឌលសុខភាពនិងមន្ត្រីក្រោមឱវាទ ត្រូវខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងចូលរួមចំណែក ជួយថែរក្សាសោភណ្ឌភាពមណ្ឌលសុខភាព និងឃ្លាំងឱសថទាំង០៦កន្លែងនេះឱ្យមានភាពស្រស់ស្អាត និងនិរន្តភាព។
ជាចុងក្រោយ ឯកឧត្ដមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងវាយតម្លៃសុពលភាព ការសាងសង់អគារមណ្ឌលសុខភាព និងឃ្លាំងឱសថ នៅខេត្តកណ្តាល និងការសាងសង់អគារមណ្ឌលសុខភាពសាក់សំពៅ និងមណ្ឌលសុខភាពស្ពានថ្ម នៅរាជធានីភ្នំពេញ ផ្តល់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា។
ការចុះត្រួតពិនិត្យនេះ មានការចូលរួមពីតំណាងក្រុមការងារក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តំណាងមន្ទីរសុខាភិបាលខេត្តកណ្តាល និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។