Cambodia
New Details

Image
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD
November 18, 2024

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវអ្នកឧកញ៉ា ចាន់ សុទ្ធា តំណាងក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD។

ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងតម្រូវការរបស់ក្រសួងសុខាភិបាលលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការពិនិត្យលើតម្រូវការក្នុងការសាងសង់មណ្ឌលចាស់ជរា នៅកម្ពុជា។

លោក LIAN YU LIN, អគ្គនាយកក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD បានថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយ រូបលោក និងក្រុមការងារ នៅទីស្តីការក្រសួងសុខាភិបាល។ លោកអគ្គនាយក ក៏បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល លើការបំពាក់ប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែននៅតាមមន្ទីរពេទ្យសាធារណៈមួយចំនួនដែលអាចនៅមានតម្រូវការ។ លោកអគ្គនាយកបានប្តេជ្ញាចិត្ត និងផ្តល់ការយកចិត្តទុកដាក់លើក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រសួងសុខាភិបាល តាមការណែនាំរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដើម្បីធានាបាននូវនវានុវត្តន៍សេវាសុខាភិបាល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ គាំទ្រកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន HENAN TAIYI MEDICAL TECHNOLOGY Co., LTD លើគម្រោងផលិតអុកស៊ីសែន នៅមន្ទីរពេទ្យសាធារណៈនៅកម្ពុជា ដោយឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនជាអនុសាសន៍ថា (១) ស្នើសុំឱ្យក្រុមហ៊ុនពិភាក្សាការងារជាមួយ អ្នកជំនាញបច្ចេកទេសរបស់ក្រសួងជាមុន ដើម្បីកំណត់ពីមន្ទីរពេទ្យដែលនៅមានតម្រូវការជាក់ស្តែង (២) គម្រោងនេះចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើភាពសុក្រិតនៃសម្ភារៈបរិក្ខារ ព្រោះថាអុកស៊ីសែនជាឱសថដែលមានប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការព្យាបាល និងជួយអាយុជីវិតអ្នកជំងឺ (៣) គម្រោងនេះគួរតែមានការអនុវត្តជំហានតូចដើម្បីជាគម្រោងការសាកល្បងគំរូ មុននឹងសម្រេចលើគម្រោងបន្ទាប់ (៤) សុំឱ្យមានទស្សនៈកិច្ចសិក្សារបស់ក្រុមហ៊ុន ទៅមន្ទីរពេទ្យដែលមានម៉ាស៊ីនផលិតអុកស៊ីសែនឈានមុខគេ និងមន្ទីរពេទ្យដែលនៅមានតម្រូវការជំនួយលើការងារនេះផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11