Cambodia
New Details

Image
កិច្ចប្រជុំសាមញ្ញលើកទី១ ស្ដីពី ការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាបណ្ណសារ
August 07, 2024

ទីស្ដីការគណៈរដ្ឋមន្ត្រី៖ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមប្រឹក្សាបណ្ណសារ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១របស់ក្រុមប្រឹក្សាបណ្ណសារ ស្ដីពី ការអនុម័តបទបញ្ជាផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ។

កិច្ចប្រជុំនេះ គឺជាជំហានដំបូងដ៏មានសារៈសំខាន់សម្រាប់ក្រុមប្រឹក្សាបណ្ណសារ ដើម្បីចាប់ផ្ដើមដំណើរការសកម្មភាពតួនាទីភារកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាបណ្ណសារត្រូវបានបង្កើតឡើងដោយយោងទៅលើខ្លឹមសារច្បាប់ស្ដីពីបណ្ណសារដែលបានកំណត់ក្នុងជំពូកទី៧ មាត្រា១៨ ដែលមានតួនាទីសំខាន់ៗ មួយចំនួនដូចជា៖
-  ធ្វើសំណើអំពីគោលនយោបាយក្នុងការគ្រប់គ្រងបណ្ណសារ
-  កំណត់នូវគោលការណ៍ និងនីតិវិធីក្នុងការជ្រើសរើស ការវាយតម្លៃ ការបំផ្លាញចោលអន្តរបណ្ណសារ ការរក្សាទុកបណ្ណសារស្ថាពរ និងអំពីរយៈពេលកំណត់ក្នុងការប្រគល់នូវបណ្ណសារសាធារណៈ
-  ផ្ដល់យោបល់ទាក់ទងនឹងបណ្ណសារឯកជនដែលមានតម្លៃជាប្រវត្តិសាស្ត្រ ឬបេតិកភណ្ឌជាតិ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត-ក្រុង ដែលជាសមាជិក សមាជិកា។

Image 1
Image 2
Image 3
Image 4