កិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។
August 22, 2024
រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំតេជោសន្តិភាពនៃអគារគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារដោយមាន ឯកឧត្តមវេជ្ជបណ្ឌិតឡូ វាសនាគិរី រដ្ឋលេខាធិការ លោក ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក លោកវេជ្ជបណ្ឌិត ឈិន សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន និងលោក ហៀន គឹមសៀត ប្រធានការិយាល័យនៃនាយកដ្ឋានឱសថចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានអញ្ជើញចូលរួម ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺប្រមូលព័ត៌មានឱ្យបានគ្រប់គ្រាន់និងគ្រប់ជ្រុងជ្រោយស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ន ដើម្បីជាមូលដ្ឋានក្នុងការពិចារណានូវមុខងារត្រួតស៊ីគ្នារបស់ក្រសួងស្ថាប័ន។
កិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងការបំពេញតារាងឧបសម្ព័ន្ធស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវតំណាងទីស្តីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងធម្មការនិងសាសនា តំណាងក្រសួងកិច្ចកានារី និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងមុខងារសាធារណៈ។