Cambodia
New Details

Image
កិច្ចប្រជុំលើកទី៣ របស់គណ:កម្មការសល្យសាស្រ្តសម្ភព និងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាល”
August 23, 2024

ទីស្តីការក្រសួងសុខាភិបាល៖ នារសៀលថ្ងៃសុក្រ៤រោច ខែ ស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល  ឯកឧត្តមសាស្រ្តាចារ្យឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា “ប្រធានគណ:កម្មការសល្យសាស្រ្តសម្ភពនិងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំផ្ទាល់និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទរបស់គណ:កម្មការសល្យសាស្រ្តសម្ភពនិងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាល ។

កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ ដែលមានគោលបំណងពិភាក្សាពីការរៀបចំដំណើរការការងាររបស់ក្រុមការងារសល្យសាស្រ្តសម្ភព និងសណ្តំនៃមន្ទីរពេទ្យថ្នាក់ជាតិនិងថ្នាក់រាជធានី ខេត្ត ដើម្បីធានាបានការផ្តល់សេវាសុខភាពដោយវិធីវះកាត់ជូនអ្នកជំងឺប្រកបដោយសុវត្ថិភាពប្រសិទ្ធភាព។

ជាលទ្ធផលនៃអង្គប្រជុំ៖
1-មន្ទីរពេទ្យជាតិទាំងអស់បានបង្កើតក្រុមការងារសល្យសាស្រ្តសម្ភពនិងសណ្តំ ។
2-បង្កើតបានប្រព័ន្ធរបាយការណ៍សម្រាប់កត់ត្រានូវវឌ្ឍនភាពការងារសល្យសាស្រ្តសម្ភព និងសណ្តំដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍជំនាញសល្យសាស្រ្តសម្ភពនិងសណ្តំនៅមន្ទីរពេទ្យបង្អែកជាតិនិងរាជធានីខេត្តស្រុកខណ្ឌ។
3-សមាជិកសមាជិកាអង្គប្រជុំពិសេសថ្នាក់ដឹកនាំមូលដ្ឋានព្យាបាល និងថែទាំសុខភាពទាំងអស់មានឆន្ទ:ខ្ពស់ ដើម្បីធ្វើការងារសល្យសាស្រ្តសម្ភព និងសណ្តំទទួលបានជោគជ័យ។

ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានណែនាំដល់ប្រធានមន្ទីរពេទ្យបង្អែករាជធានី ខេត្ត បង្កើតក្រុមការងារសល្យសាស្រ្តសម្ភព និងសណ្តំនៅមន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងឈានទៅបង្កើតនៅមន្ទីរពេទ្យបង្អែកក្រុង ស្រុក ខណ្ឌ ជាបន្តទៀត ដើម្បីមានយន្តការឆ្លើយតបនឹងតម្រូវការសេវាវះកាត់នៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធាននាយកដ្ឋាននីតិកម្ម នាយកមន្ទីរពេទ្យព្រះអង្គឌួង និងលោក លោកស្រីសាស្រ្តាចារ្យជាអនុប្រធាននាយកដ្ឋាន នាយករងមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងក្រុមការងារសល្យសាស្រ្តសម្ភពនិងសណ្តំ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការសុខភាពពិភពលោកនិងដៃគូអភិវឌ្ឍន៍ដទៃទៀតសរុបចំនួន២៩ រូប និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទ រួមមាននាយក នាយករងមន្ទីរពេទ្យជាតិ ក្រុមការងារមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ឯកឧត្តម លោកជំទាវ លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត ប្រធានគ្រប់មន្ទីរពេទ្យបង្អែករាជធានីខេត្តក្រុងស្រុកខណ្ឌក្រុមការងារមន្ទីរពេទ្យបង្អែករាជធានីខេត្តនិងមន្រ្តីផ្នែកសល្យសាស្រ្តសម្ភពនិងសណ្តំមន្ទីរពេទ្យបង្អែកក្រុងស្រុកខ័ណ្ឌសរុបចំនួន២៦៧នាក់ ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7