សន្និសីទអាស៊ានលើកទី៤ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
August 26, 2024
រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ( គ.ជ.ក.ប ) បានអញ្ជើញចូលរួមសន្និសីទ្ធ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ នៅសណ្ឋាគារសាន់& មូនរីវើសាយ ភ្នំពេញ។
សន្និសីទនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់កម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការរងសម្រាប់សហគមន៍ សេដ្ឋកិច្ចអាស៊ាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងជំនួយការនាយកប្រតិបត្តិផ្នែកច្បាប់ ការពារអ្នកប្រើប្រាស់នៃប្រធានគណៈកម្មាធិការការពារអ្នកប្រើប្រាស់អាស៊ាន។ សន្និសីទនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ពាក់ព័ន្ធនឹងនវានុវត្តន៍ ចីរភាព និងការលើកកំពស់សិទ្ធិអ្នកប្រើប្រាស់នៅក្នុងតំបន់។
លោកជំទាវ ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ផងដែរថា ទោះជាប្រទេសកម្ពុជានៅមានភាពថ្មីនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំង នូវការលើកកំពស់ការយល់ដឹង ការរៀបចំច្បាប់ និងបទដ្ឋានគតិយុទ្ធរឹងមាំ ក៏ដូចជាការអនុវត្តគំនិតផ្តួចផ្តើម ការពារអ្នកប្រើប្រាស់ផ្សេងៗ ឱ្យមានភាពប្រសើរឡើងជាលំដាប់ ដូចជាការសម្រេចបាននិងដាក់ឱ្យប្រើប្រាស់នូវច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ។
លោកជំទាវ បានបញ្ជាក់បន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៤នេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗ និងជំនាញច្បាស់លាស់បន្ថែមទៀត ដែលបានពីការចែករំលែក ការពិភាក្សាយ៉ាងផុសផុលប្រកបដោយភាពស្មោះត្រង់ គំនិតស្ថាបនា និងសហការល្អពីបណ្តាវាគ្មិនល្បីៗ និងអ្នកចូលរួមពីប្រទេសអាស៊ានទាំង ១០រួម និងទីម័រឡេស្តេ និងអង្គការដៃគូរអភិវឌ្ឍទាំងឡាយ។
សូមបញ្ជាក់ថាសន្និសីទស្តីពី កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤ គឺដើម្បីស្វែងរកក្របខណ្ឌ ក្នុងកិច្ចការពារអ្នកប្រើប្រាស់ឱ្យបានល្អប្រសើរប្រកបដោយនវានុវត្តន៍ និងនិរន្តរភាព នៅក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចបៃតង។