Cambodia
ព័ត៌មានលំអិត

Image
ពង្រឹងសកម្មភាពការងារថែទាំសម្រាប់គិលានុបដ្ឋាក និងឆ្មប
ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពរបស់អ្នកជំងឺបានដឹកនាំកិច្ចប្រជុំរវាងការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប ដើម្បីពង្រឹងសកម្មភាពការងារថែទាំសម្រាប់គិលានុបដ្ឋាក និងឆ្មបស្របតាមគោលនយោបាយជាតិអាណត្តិទី៧។ 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីកិច្ចសហការណ៍រវាងគ្នានិងគ្នា ក្នុងការអនុវត្តការងារថែទាំប្រកបដោយ គុណភាព និងសុវត្ថិភាព (១)បង្កើនកិច្ចសហការណ៍គ្នាឱ្យកាន់តែជិតស្និទ្ធិរវាងការិយាល័យគិលានុបដ្ឋាក និងឆ្មបនៃក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈ និងសមាគមគិលានុបដ្ឋាក និងឆ្មប ដើម្បីសម្រេចគោលដៅរួមមួយ (២)ពិភាក្សាពីការរៀបចំផែនការសកម្មភាពការងាររួមគ្នាសម្រាប់ឆ្នាំ២០២៥ និង(៣)ពិភាក្សាពីបញ្ហាប្រឈមដែលជួបប្រទះដែលត្រូវធ្វើការដោះស្រាយរួមគ្នា។ គួរបញ្ជាក់ផងដែលថាកិច្ចប្រជុំរវាងការិយាល័យ និងគណៈទាំង២ សមាគមទាំង២ នេះជាកិច្ចប្រជុំលើកទី១ ក្នុងឆ្នាំ២០២៥នេះ។

តាមរយៈបទបង្ហាញរបស់ការិយាល័យគិលានុបដ្ឋាក និងឆ្មប  គណៈគិលានុបដ្ឋាកជាតិកម្ពុជា គណៈឆ្មបជាតិកម្ពុជា សមាគមឆ្មបកម្ពុជា និងសមាគមគិលានុបដ្ឋាកជាតិកម្ពុជា  ពីសកម្មភាពដែលបានសម្រេចក្នុងឆ្នាំ ២០២៤ដូចជា (១)  ការធ្វើបច្ចុប្បន្នភាពឯកសារថែទាំ និងបណ្តុះបណ្តាលបន្ត (២) សម្រង់ទិន្នន័យការរអនុវត្តការងារថែទាំរបស់មន្ទីរពេទ្យទូទាំងព្រះរាជាណាចក្រកម្ពុជា (៣) ការចុះបណ្តុះបណ្តាល  MCAT  និងការបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត និង (៤) ការស្រង់ទិន្នន័យចំនួនគិលានុបដ្ឋាក និងឆ្មបក្នុងការចុះបញ្ចីការគណៈវិជ្ជាជីវៈ។ 

លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍បន្ថែមដូចតទៅ៖ (១) ត្រូវសហការណ៍គ្នាក្នុងការបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មប ក្នុងពេលកំពុងអនុវត្តការងារឱ្យពួកគាត់មានភាពជឿជាក់លើខ្លួន ទើបកាត់បន្ថយកំហុសឆ្គងក្នុងវិជ្ជាជីវៈ កំហុសឆ្គងទាំងឡាយកើតឡើងពីការមិនបានបន្តការបណ្តុះបណ្តាល (២) រាល់ការបណ្តុះបណ្តាលបន្ត ទាំងការិយាល័យ គណៈវិជ្ជាជីវៈ ត្រូវឆ្លងកាត់គណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺនៃក្រសួងសុខាភិបាល (៣) ត្រូវរួមគ្នាបង្កើត Tools វាយតម្លៃគុណភាព នៃការថែទាំសម្រាប់មូលដ្ឋានព្យាបាល និងថែទាំសុខភាពទូទាំងប្រទេស និង(៤)ចុះអភិបាលការងារថែទាំជាប្រចំាគួរឱ្យបាន៩០% ទូទាំងប្រទេស។

ជាកិច្ចបញ្ចប់លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងសូមឱ្យបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈ ក្នុងការថែទាំឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យមានការទទួលស្គាល់ពីផ្នែកថែទាំកាន់តែទូលំទូលាយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6