រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានទទួលជួបគណៈប្រតិភូមូលនិធិសកល ដឹកនាំដោយលោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកលសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ។
ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ដែលបានអញ្ជើញមកសិក្សាស្វែងយល់បន្ថែម និងពិភាក្សាលម្អិតអំពី សមិទ្ធផលការងារគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា និងផែនការអនាគត នៃការបន្តនិរន្តរភាពការងារគ្រប់គ្រងជំងឺគ្រុនចាញ់។
បន្ទាប់មក លោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកល សម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ បានអបអរសាទរកម្ពុជា ដែលសម្រេចបានការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់យ៉ាងរហ័ស លោកស្រី ក៏បានអបអរសាទរ គោរពជូន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដែលទទួលដំណែងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអណ្ណត្តិថ្មី។ លោកស្រី បានគូសបញ្ជាក់ ពីភាពជោគជ័យរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈកាល កន្លងមកនេះ ដែលធ្វើឲ្យកម្ពុជា កាន់តែមានភាពរឹងមាំ ពិសេសភាពជោគជ័យ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់។
លោកស្រីបានជម្រាបជូនអំពីគោលបំណង នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បី៖
១) ពិភាក្សាអំពីផែនការអនាគតសម្រាប់ការផ្តល់ហិរញ្ញប្បទានលុបបំបាត់ជំងឺគ្រុនចាញ់ ក្រោម គម្រោង RAI ពីម្ចាស់ជំនួយផ្សេងទៀត និងក្នុងស្រុក និងការរំពឹងទុកសម្រាប់វដ្តជំនួយនាពេលខាងមុខ (២០២៧-២០២៩)។
២) ពិភាក្សាអំពី ការអនុវត្តកម្មវិធី លទ្ធផល និងបញ្ហាប្រឈម លើសកម្មភាពសំខាន់ៗសម្រាប់ឆ្នាំ ២០២៥។
៣) ពិភាក្សាអំពី និរន្តរភាព និងផែនការអន្តរកាល និងតួនាទីរបស់ក្រុមប្រឹក្សាសម្របសម្រួលជំនួយមូលនិធិសកល (CCC) ក្នុងការបង្កើតផែនទីបង្ហាញផ្លូវធានានិរន្តរភាពសម្រាប់ជំងឺគ្រុនចាញ់ (រួមទាំងមេរោគអេដស៍ និងជំងឺរបេង)។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនអំពី សមិទ្ធផលសំខាន់ៗ នៃកម្មវិធីគ្រុនចាញ់សម្រេចបានដោយក្រសួងសុខាភិបាល និងផែនការបន្ទាប់របស់ក្រសួងសុខាភិបាលឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ នេះ និងឈានទៅដល់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់ប្រកបដោយចីរភាព និងនិរន្តភាពឆ្នាំ២០២៩។
លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនថា កម្ពុជាគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ មក ហើយចំនួនករណីជំងឺគ្រុនចាញ់ ក៏ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) បានកំពុងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តជាតិគ្មានជំងឺគ្រុនចាញ់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៧-២០៣៥ ដើម្បីធានានិរន្តភាពប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់។ លោកជំទាវរដ្ឋលេខាធិការ បានសំណូមពរដល់គណៈប្រតិភូជាន់ខ្ពស់ នៃមូលនិធិសកល បន្តការគាំទ្របន្ថែមទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ប្រកបដោយភាពបត់បែនសម្រាប់ពន្លឿនការងារលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
លោកស្រី Rosie Ameyan មន្ត្រីជាន់ខ្ពស់ផ្នែកកម្មវិធី នៃមូលនិធិសកលសម្រាប់គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងតំបន់ទន្លេមេគង្គ បានបញ្ជាក់ពីគោលជំហរបន្តគាំទ្រកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់។ ការពិភាក្សាគ្នាថ្ងៃនេះ មានសារៈសំខាន់ណាស់ក្នុងការរៀបចំត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ទាំងបច្ចេកទេស គោលនយោបាយ ថវិកា និងធនធានមនុស្ស ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ព្រមទាំងជំងឺរបេង និងជំងឺអេដស៍ផងដែរ។