Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីប្រកាសនយោបាយក្រោយកិច្ចប្រជុំកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង (UNHLM-TB) និងរបាយការណ៍ស្តីពីអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤
ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីប្រកាសនយោបាយក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង (UNHLM-TB) និងរបាយការណ៍ស្តីពីអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤ នៅសណ្ឋាគារអេនីកផាលេស ភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា។ 

អង្គសិក្ខាសាលាផ្សព្វផ្សាយនេះ ផ្តោតលើគោលបំណងសំខាន់ៗចំនួន៣គឺ៖ ១.ចែករំលែកនូវចំណុចគន្លឹះនៃសេចក្តីប្រកាសនយោបាយ ក្រោយកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្តីពីជំងឺរបេង (UNHLM-TB) ជូនដល់ភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ អ្នករៀបចំគោលនយោបាយ កម្មវិធីជាតិកំចាត់រោគរបេង ស្ថាប័នជំនួយបច្ចេកទេស អង្គការ សង្គមស៊ីវិល និងបណ្តាញសហគមន៍រងផលប៉ះពាល់ដោយសារជំងឺរបេង។ ២.ជំរុញការចូលរួមគាំទ្រពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីបង្កើនការប្តេជ្ញាចិត្ត និងគោលដៅផ្សេងៗទាក់ទិននឹងការប្រយុទ្ធនឹងជំងឺរបេង ក្រោយកិច្ចប្រជុំ ដែលមានចែងក្នុងសេចក្តីប្រកាសនយោបាយក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ៣.ផ្សព្វផ្សាយរបាយការណ៍អំពីអភិបាលកិច្ចជំងឺរបេងឆ្នាំ២០២៤ ដើម្បីបង្កើនការយល់ដឹងអំពីវឌ្ឍនភាព និងការប្រឈមរបស់កម្ពុជាក្នុងការគ្រប់គ្រងជំងឺរបេង ស្របតាមគោលការណ៍អភិបាលកិច្ចទាំង២០ចំណុច។ 

អង្គសិក្ខាសាលាបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីព្រឹទ្ធសភា រដ្ឋសភា  ក្រសួងសុខាភិបាល ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងធម្មការ និងសាសនា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល អង្គការមួយចំនួន អ្នកពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមតាមប្រព័ន្ធអនឡាញមានសរុបចំនួន ៥២ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6