Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំសម្របសម្រួលភាគីពាក់ព័ន្ធ៖ការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប
ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរ បឹងទន្លេសាប  បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលភាគីពាក់ព័ន្ធ៖ ការកសាងកិច្ចសហការរួមគ្នាសម្រាប់សន្តិសុខទឹក និងភាពធន់នៅបឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម ហែល តូនី អនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរបឹងទន្លេសាប។ 

កិច្ចប្រជុំនេះមានគោលបំណងបង្កើននូវការយល់ដឹងអំពីកម្មវិធីសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាបដើម្បី ទទួលយកចំណេះដឹងថ្មីៗ និងគម្រោងឬកម្មវិធីនានាដែលស្ថិតនៅក្រោមខ្សែបន្ទាត់ក្រសួង/ស្ថាប័នពាក់ព័ន្ធសំខាន់ៗ ដើម្បី ជូនដំណឹងអំពីការវាយតម្លៃនាពេលខាងមុខ និងក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់បឹងទន្លេសាប ។ 

ក្នុងកិច្ចប្រជុំ បានបង្ហាញស្មារតីយកចិត្តទុកដាក់ពង្រឹងការអនុវត្តការងារស្នូល និងការងារចំពោះមុខដែលរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រគល់ជូន អាជ្ញាធរទន្លេសាបក្នុងនាមជាស្ថាប័នសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព អាជ្ញាធរទន្លេសាប បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់រៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់អាងបឹងទន្លេសាប ក្រោមកម្មវិធីការអនុវត្តវាយតម្លៃសន្តិសុខទឹក នៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។ 

អាជ្ញាធរទន្លេសាប កំពុងអនុវត្តភារកិច្ច «ការពារបឹងទន្លេសាប ដែលជាសម្បត្តិជាតិ» យ៉ាងម៉ឺងម៉ាត់ តាមការចាត់តាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ជាផ្នែកមួយនៃភារកិច្ចនេះផងដែរ អាជ្ញាធរទន្លេសាប កំពុងសហការជាមួយ ធនាគារពិភពលោក (WB) ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) និង Australian Water Partnership (AWP) ក្នុងការអនុវត្តកម្មវិធីវាយតម្លៃសន្តិសុខទឹក និងភាពធន់នៃបឹងទន្លេសាប សម្រាប់ឆ្នាំ ២០២៤-២០២៦ ដោយ៖ ១) បង្កើនការយល់ដឹងទាក់ទងនឹងបញ្ហាប្រឈមនៅក្នុងតំបន់បឹងទន្លេសាប និងស្ទឹងសំខាន់ទាំង១១ ២) គាំទ្រគោលនយោបាយនានា ដែលពាក់ព័ន្ធដើម្បីចូលរួមឯកភាពគ្នា ក្នុងការបង្កើតឡើងនូវការគ្រប់គ្រង អាងទន្លេសាប ព្រមទាំងការសម្រេចចិត្តផ្អែកលើភស្តុតាងនានា សម្រាប់បង្កើតនូវផែនការអភិវឌ្ឍន៍ ពហុដំណាក់កាលរយៈពេលវែងសម្រាប់ទន្លេសាបប្រកបដោយនិរន្តរភាព និងកិច្ចសហការ ៣) ផ្លាស់ប្តូរចំណេះដឹង បង្កើតកម្មវិធី និងការពង្រឹងសមត្ថភាពរវាងភាគីពាក់ព័ន្ធ។ 

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី  ឯកឧត្តម ជាអនុប្រធានអចិន្ត្រៃយ៍អាជ្ញាធរទន្លេសាប សមាជិកអាជ្ញាធរទន្លេសាប តំណាងក្រសួងពាក់ព័ន្ធ តំណាងគណៈអភិបាលខេត្តទាំង៨ ស្ថាប័នអប់រំ និងស្រាវជ្រាវចំនួន ៨កន្លែងនិងអង្គការ ដៃគូអភិវឌ្ឍន៍នានា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9