Cambodia
ព័ត៌មានលំអិត

Image
«ការវិនិយោគក្នុងវិស័យសុខាភិបាល ជាការវិនិយោគភាពមានបានរបស់ប្រទេសជាតិ» «សុខភាព គឺជាកូនសោរគន្លឹះ នៃការកាត់បន្ថយភាពក្រីក្រ»
ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងចក្ខុវិស័យរបស់ក្រសួងសុខាភិបាល។

គណៈកម្មការទី៨ នៃរដ្ឋសភា បានចុះពិនិត្យជាក់ស្តែងលើកការផ្តល់សេវានៅមន្ទីរពេទ្យជាតិ ចំនួន៣ រួមមាន មន្ទីរពេទ្យជាតិ តេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្រឹះស្ថានសិក្សា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាជន។

ក្នុងឱកាសជំនួបពិភាក្សា លោកជំទាវប្រធានគណៈកម្មការ បានសំដែងនូវការកោតសរសើរ ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យ មានប្រជាពលរដ្ឋទៅប្រើប្រាស់សេវាច្រើន គ្រូពេទ្យមានឥរិយាបថល្អប្រសើរច្រើន ហេដ្ឋារចនាសម្ព័ន្ធល្អ បច្ចេកទេសព្យាបាល និងសម្ភារៈបរិក្ខារពេទ្យទំនើប។ ទន្ទឹមនឹងនេះ លោកជំទាវ ក៏មានលើកឡើងពីបញ្ហាប្រឈមខ្លះ និងសំណូមពរ មួយចំនួនដែលបានទទួលអំឡុងនៃការចុះពិនិត្យ ដើម្បីជម្រាបជូនអង្គប្រជុំ នឹងធ្វើការកែលម្អឱ្យកាន់តែមានភាពប្រសើរឡើង។

ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនសមាសភាពថ្នាក់ដឹកនាំ ទទួលបន្ទុកទៅតាមជំនាញនីមួយៗ ក្នុងក្រសួងសុខាភិបាល ដើម្បីជម្រាបជូនប្រតិភូនៃគណៈកម្មការទី៨ នៃរដ្ឋសភា។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញអំពីផែនការ និងយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ជម្រាបជូនដល់គណៈកម្មការទី៨ ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥ ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា រួមមាន ១) ការពង្រីកវិសាលភាព នៃការគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប ២) ពង្រីកការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត ឱ្យបានយ៉ាចហោចណាស់ ៨០% និង ៣) ការកាត់បន្ថយទំហំចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាព ឱ្យនៅចំនួនប្រមាណ ៣៥% នៃចំណាយសរុប លើវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានជម្រាបជូនអំពីក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺឆ្លង រួមមាន ជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ និងជំងឺមិនឆ្លងរួមមាន ជំងឺមហារីក ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃរឈាម និងជំងឺទឹកនោមផ្អែម។ ក្នុងនោះ ក្រសួងសុខាភិបាល បានកំពុងយកចិត្តទុកដាក់លើ ១) អាទិភាពយុទ្ធសាស្រ្ត ផ្តល់សេវាថែទាំសុខភាព និងការបង្ការហានិភ័យហិរញ្ញវត្ថុ ដែលឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ២) គោលដៅយុទ្ធសាស្រ្ត ពង្រីកលទ្ធភាពទទួលបាននូវការថែទាំសុខភាព និង ៣) យុទ្ធសាស្រ្តគន្លឹះ ផ្តៅសំខាន់ទៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការទី៨ ក្នុងការចូលរួមគាំទ្រ និងគិតគូរួមគ្នាក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងសូមយកឱកាសនេះ ធ្វើឱ្យមានជាប្រយោជន៍ បង្រៀនដល់មន្រ្តីរាជការទាំងអស់ ឱ្យមានការឆ្លុះបញ្ចាំង។ ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យ បានសំណូមពរដល់គណៈកម្មការទី៨ ជួយផ្សព្វផ្សាយនូវសមិទ្ធផល និងចក្ខុវិស័យសុខាភិបាល ឱ្យបានជ្រាបគ្រប់វិស័យ ដើម្បីចូលរួម និងកៀងគរដៃគូ គាំទ្រ និងវិនិយោគក្នុងវិស័យសុខាភិបាល។ បន្ថែមពីនេះ តាមរយៈគណៈកម្មការទី៨ សូមបន្តជួយផ្សព្វផ្សាយនូវសារអប់រំសុខភាព ជាពិសេសលើបញ្ហា ជំងឺមិនឆ្លង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដ៏ធំនៅកម្ពុជា និងសកលលោកផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19