Cambodia
ព័ត៌មានលំអិត

Image
ដំណើរទស្សនៈកិច្ចរបស់នាយិការធនាគារពិភពលោកប្រចាំនៅកម្ពុជា ចុះពិនិត្យមើលការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា
ថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២៥

ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃពុធ ៨ កើត ដល់ព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ និង៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រួមដំណើរដោយ ឯកឧត្តម នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងជានាយកគម្រោងអាហារូបត្ថមនៅកម្ពុជា លោកជំទាវ រស់ សុផានី អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត ហេង គឹមស៊ត អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានជូនដំណើរលោកស្រី Tania Meyer នាយិការធនាគារពិភពលោក និងក្រុមការងារចុះធ្វើទស្សនៈកិច្ចពិនិត្យមើលការផ្តល់សេវានៅមណ្ឌលសុខភាពអូរប្រាសាទ និងរដ្ឋបាលឃុំអូប្រាសាទ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ 


សមាភាពចូលរួមមាន៖ ក្រុមការងារក្រសួងសុខាភិបាល ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារសាលាខេត្ត ស្រុក ឃុំ និងក្រុមការងារអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា (WVI) សរុបចំនួន ៤៥រូប។

គោលបំណងនៃដំណើរទស្សនៈ១កិច្ចរបស់លោកស្រីនាយិកា គឺដើម្បី៖

១- ស្វែងយល់អំពីការផ្តល់សេវាសុខភាពនិងអាហារូបត្ថម្ភមាតា ទារក និងកុមារក្នុងអំឡុង១០០០ថ្ងៃដំបូងនៃជីវិតរបស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា។

 ២- ពិនិត្យមើលការផ្សព្វផ្សាយផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងការអនុវត្តសកម្មភាពក្រោមការគាំទ្រពីគម្រោងអាហារូបត្ថម្ភនៅកម្ពុជា។

៣- ស្វែងយល់អំពីការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជានៅថ្នាក់ឃុំ ការអនុវត្តកម្មវិធីឃុំ សង្កាត់សម្រាប់ស្រ្តី និងកុមារ និងការអនុវត្តការងាររបស់ក្រុមទ្រទ្រង់សុខភាពភូមិ និងកិច្ចសហការគ្នារវាងរដ្ឋបាលឃុំសង្កាត់ ជាមួយនឹងមណ្ឌលសុខភាពក្នុងការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានចុះទៅមណ្ឌលសុខភាពចំនួន២បន្ថែមទៀត គឺមណ្ឌលសុខភាពបន្ទាយនាង និងមណ្ឌលសុខភាពកំពង់ស្វាយ១ ដើម្បីពិនិត្យមើលការផ្ដល់សេវាអាហារូបត្ថម្ភសុខាភាពមាតា ទារក និងកុមារ ស្តុកវ៉ាក់សាំង/ប្រព័ន្ធត្រជាក់ និង ស្តុកឱសថមួយចំនួនរបស់កម្មវិធី ព្រមទាំងបានធ្វើការណែនាំដល់បុគ្គលិកមណ្ឌលសុខភាពឱ្យពង្រឹងបន្ថែមលើការកត់ត្រា និងធ្វើរបាយការណ៍ ឱ្យបានទៀងទាត់ និងត្រឹមត្រូវ ចាក់សារអប់រំសុខភាពឱ្យបានជាប់ជាប្រចាំរៀងរាល់ម៉ោងធ្វើការ ធ្វើការវាស់ថ្លឹងគ្រប់កុមារអាយុក្រោម៥ឆ្នាំទាំងអស់ដែលមកមណ្ឌលសុខភាព និងការពង្រឹងសកម្មភាពសេវាចុះមូលដ្ឋាន ។ល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19