ខេត្តកំពត៖ ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល ទទួលបន្ទុកគុណភាពសេវាមន្ទីរពេទ្យ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំសរសេរ នីតិវិធីប្រតិបត្តិស្តង់ដា ដល់មន្ត្រីមន្ទីរពេទ្យបង្អែក ដើម្បីរៀបចំបំពេញបន្ថែម និងធ្វើអោយបានកាន់តែប្រសើរ និយាមគុណភាពខ្ពស់នៃសេវាមន្ទីរពេទ្យ និងប្រព័ន្ធ បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង (Information Communication Technologies, ICT)។
គោលបំណងរបស់វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបណ្តុះបណ្តាលដល់មន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្ត និងស្រុក ចំនួន៣០ មន្ទីរពេទ្យ (វគ្គទី៤ ដែលជាវគ្គចុងក្រោយក្នុងចំណោមមន្ទីរពេទ្យបង្អែកសរុបទាំង១២០) ក្នុងការរៀបចំសរសេរ នីតិវិធីប្រតិបត្តិនិយាម (SOP) ដើម្បីបំពេញ និងកាន់តែទទួលបានគុណភាពសេវាមន្ទីរពេទ្យ ប្រកបដោយប្រសិទ្ធិភាព សុវត្តិភាព និងកាន់តែជម្រុញនូវការអនុវត្តការងារបុគ្គលិកសុខសភិបាលប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត។
ក្នុងវគ្គបណ្តុះបណ្តាលទី៤នេះ ក្រុមការងារបានរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP)ចំនួន១៨ ពីក្នុងក្រុមស្តង់ដា ដែលសំខាន់ៗរួមមាន៖ ១-សិទ្ធិនិងការទទួលខុសត្រូវរបស់អ្នកជំងឺនិងក្រុមគ្រួសារ ២-ការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ ៣-ការគ្រប់គ្រងធនធានមនុស្ស ៤-សេវាថែទាំអ្នកជំងឺ ៥-ការគ្រប់គ្រងឱសថ ៦-សេវាគាំទ្រ បរិស្ថានសុវត្ថិភាពនិងសន្តិសុខមនី្ទរពេទ្យ និង ៧-ការគ្រប់គ្រងព័ត៌មានសុខាភិបាល។
សូមបញ្ជាក់ថាការវាយតម្លៃគុណភាពសេវាមន្ទីរពេទ្យដោយប្រើប្រាស់សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាលថ្នាក់ជាតិ កម្រិត២ (NQEMT 2) បានធ្វើឡើងជារៀងរាល់ឆមាស ចាប់ពីឆមាសទី២ ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ បានធ្វើការវាយតម្លៃ ៣ជុំរួចមកហើយ។ ចំណែកការវាយតម្លៃជុំទី៤ នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ។ វគ្គបណ្តុះបណ្តាលនេះនឹងជម្រុញឱ្យលទ្ធផល នៃការវាយតម្លៃនៅជុំបន្តបន្ទាប់មានការកើនឡើងនូវពិន្ទុផងដែរ។
សិក្ខាកាម ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមាន ចំនួន ៧៨នាក់ មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ចំនួន៣០មន្ទីរពេទ្យ នៅក្នុងរដ្ឋបាលខេត្តចំនួន៦ គឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តតាកែវ ខេត្តកោះកុង ខេត្តព្រះសីហនុ និងគ្រូសម្របសម្រួលមកពីការិយាល័យធានាគុណភាព នាយកដ្ឋានមន្ទីរពេទ្យ នៃក្រសួងសុខាភិបាល ព្រមទាំងគ្រូបង្គោល នៃរដ្ឋបាលខេត្តទាំង៦។