នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលបានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សហការជាមួយ កាកបាទក្រហមកម្ពុជា និងសាលារាជធានីភ្នំពេញ ដោយមានការគាំទ្រពី ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ធនាគារ អេសប៊ី អាយ លីហួរ និងក្រុមហ៊ុន ស៊ីភី ខេមបូឌា។
យុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្ដីស្រឡាញ់មានការចូលរួមពី ប្រជាជន មន្រ្ដីរាជការ ដែលអញ្ជើញមកពីខណ្ឌទាំង ១៤ និងអង្គភាពចំណុះ នៃសាលារាជធានីភ្នំពេញ យុវវជនកាកបាទក្រហម បុគ្គលិកក្រុមហ៊ុន និងអ្នកស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាមយ៉ាងច្រើនកុះករ។ ចាប់ពីម៉ោង ៨ព្រឹក រហូតម៉ោង ៦ល្ងាច មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានទទួលអ្នកបរិច្ចាគឈាមបានចំនួន ១,១៦៧ នាក់ ក្នុងនោះមានស្រ្តីមានចំនួន ៤១២នាក់ (៣៥%)។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះការចូលរួមបរិច្ចាគឈាម របស់បងប្អូនប្រជាពលរដ្ឋដែលជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តី ស្រលាញ់ ហូរចេញពី បេះដូង យ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា»។