Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពការងារ នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (លើកទី២)
ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជាលើកទី២ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

កិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យមើលការរៀបចំ និងកែលម្អនៅអគារពិនិត្យ ពិគ្រោះជំងឺក្រៅ ដើម្បីពិនិត្យមើលចំណុចដែលបានកែលម្អបន្ថែម និងចំណុចខ្វះខាតនៅសេសសល់ សម្រាប់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ 

កិច្ចបន្ទាប់ លោកជំទាវរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃ ទៅលើវឌ្ឍនភាពការងារ ដើម្បីជំរុញទៅលើការផ្តល់សេវាផ្នែកជំងឺរបេងឱ្យកាន់ល្អប្រសើរបន្ថែមទៀត។ ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្ត សូមខិតខំប្រឹងប្រែងបន្តទៀត ទៅលើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឱសថសារវន្ត ការគ្រប់គ្រងធនធានមនុស្ស ជាពិសេសជំរុញក្នុងបង្កើនសមត្ថភាពបច្ចេកទេសឱ្យកាន់តែរីកចំរើនទៅមុខបន្ថែមទៀត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោកជំទាវវេជ្ជបណ្ឌិត ព្រំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិ លោកអនុប្រធាន និងលោកប្រធានការិយាល័យទាំង៣ លោកគ្រូពេទ្យផ្នែកពិគ្រោះជំងឺក្រៅ និងលោកគ្រូពេទ្យផ្នែកមន្ទីរពេទ្យ នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12